ភ្នំពេញ, សង្ឃឹមថាគម្រោងអភិវឌ្ឍន៍កំពង់ផែភ្នំពេញនឹងមានការចូលរួមពីមិត្តចិនដេីម្បីបន្តដំណើរទៅមុខ។ នេះជាការលើកឡើងរបស់លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។
លោកបានលើកឡើងថា, លោក Wu Mei Ling មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារអភិវឌ្ឍន៍កំពង់ផែនៅប្រទេសចិន។ លោក Wu ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តីណែនាំអោយមកវិនិយោគលើវិស័យផែក្នុងពេលដែលសម្តេចតេជោអញ្ជើញទៅប្រទេសចិនក្នុងឆ្នាំ ២០១១។
តាមរយៈការណែនាំនិងចង្អុលបង្ហាញរបស់សម្តេចតេជោ លោក Wu Mei Ling បានចុះមកប្រទេសកម្ពុជានៅឆ្នាំ ២០១២ដោយមានទំនាក់ទំនងល្អជាមូយ លោក ហ៊ឺ បាវី ប្រធានកំពង់ផែភ្នំពេញ។ បន្ទាប់មកនៅឆ្នាំ ២០១៤ លោក Wu Mei Ling បានចូលសញ្ជាតិកម្ពុជា។
ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី លោក Wu Mei Ling បានភ្ជាប់ទញនាក់ទំនងជាមួយលោក ហ៉ឺ បាវី (Hei Bavy) ហេីយបានអញ្ជេីញគាត់ទៅទស្សនៈកិច្ចនៅកំពង់ផែមួយក្នុងប្រទេសចិនទៀតផង។
បន្ទាប់មកភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការពង្រីកកំពង់ផែ (Agreement of the Cooperation of the Expansion of the land of 12 hectares adjacent to NCT”។
ដោយបានឃើញសក្តានុពលក្នុងការវិនិយោគលើវិស័យផែ ភាគីកំពង់ផែភ្នំពេញបានណែនាំអោយភាគីចិនទិញដីមួយចំនួននៅក្នុងគម្រោងពង្រីកផែ។ គម្រោងអភិវឌ្ឍន៍ផែនេះគឺផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ដល់ប្រទេសជាតិ ហើយក៏នឹងជួយរិតចំណងមិត្តភាពនិងសហប្រតិបត្តិការនៃប្រទេសទាំង២ផងដែរ ។
ជាអកុសល លោក Wu Mei Ling បានទិញដីមួយចំនួននៅក្នុងទីតាំងគម្រោងអភិវឌ្ឍន៍កំពង់ផែ ហើយបន្ទាប់មកក៏មានបញ្ហាវិវាទមួយចំនួនកើតមានឡើងដែលបណ្តាលអោយប៉ះពាល់យ៉ាងខ្លាំងដល់គម្រោងវិនិយោគផែដែលបានចុះកិច្ចព្រមព្រៀងកន្លងមក។
ថ្មីៗនេះ លោក Wu Mei Ling បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជួយគាត់ដើម្បីមានឱកាសបន្តវិនិយោគលើវិស័យផែនៅកម្ពុជា។
លោក ដួងតារា បញ្ជាក់ថា , ខ្ញុំបានពិនិត្យសំណើគោរពជូនសម្តេចរបស់របស់លោក Wu Mei Ling ហើយក៏បានជួបពិភាក្សាជាមួយ លោក ហ៊ឺ បាវី ប្រធានផែភ្នំពេញ។ តាមរយៈការជួបពិភាក្សាជាច្រើនលើកកន្លងមកនេះ យើងបានឈានទៅរកដំណោះស្រាយសមស្របមួយចំនួនជូន លោក Wu Mei Ling ដើម្បីមានឱកាសបន្តការងារវិនិយោគនៅកម្ពុជា។
ខ្ញុំសូមលើកទឹកចិត្តនិងអំពាវនាវដល់បងប្អូនអ្នកវិនិយោគគិនចិនដែលមានបញ្ហាវិវាទផ្សេងៗ សូមរិះរកដំណោះស្រាយជាមួយភាគីដៃគូដោយសន្តិវិធី។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏សូមគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនអ្នកវិនិយោគចិនដែលមានបំណងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើមានសំណូមពរ សំណួរផ្សេងឬក៏ចង់ប្រឹក្សាយោបល់ជាមួយខ្ញុំអំពីបញ្ហាវិវាទឬក៏បំណងក្នុងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា សូមបងប្អូនទំនាក់ទំនងលេខ ០១៧៤០៤៨៨៨៕
ដោយ, សិលា