សម្តេចតេជោ ហ៊ុនសែន : កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជន ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានប្រមាណ ៨៩% ធៀបនឹងគោលដៅប្រមាណ ១២ លាននាក់ !

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, គិតមកទល់ពេលនេះ, ព្រះរាជាណាចក្រកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជន ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានប្រមាណ ៨៩% ធៀបនឹងគោលដៅប្រមាណ ១២ លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ “គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ” ជូនប្រជាជន ដើម្បីធានាឱ្យបាននូវ “ភាពសុំាសហគមន៍ រឹងមាំពិតប្រាកដមួយ” សំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទ Delta ក្នុងសហគមន៍ និងការត្រៀម លក្ខណៈសម្រាប់ការឈានឆ្ពោះទៅកាន់ផែនការបើកដំណើរការប្រទេសពេញឡើងវិញលើគ្រប់វិស័យ និងការ រស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា, លើមូលដ្ឋាននៃវឌ្ឍនភាពដ៏ល្អប្រសើរខាងលើនេះ និងក្នុងគោលបំណងបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ឱ្យបានឆាប់រហ័ស និងអាចឈានទៅបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដុំទី១ នាពេលដ៏ខ្លីខាង មុខនេះ, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ឱ្យយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តការងារមួយចំនួនបន្ថែមទៀត។
សូមជម្រាបថា, នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៨ ខែសីហា​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៤៣៨នាក់ទៀត ជាសះស្បើយ ៣៤៥នាក់ និងស្លាប់​ ១១នាក់៖
– ករណីឆ្លងសហគមន៍ ៣២៣នាក់
– អ្នកដំណើរពីបរទេស ១១៥នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 92,208 នាក់
– អ្នកជាសះស្បើយ= 88,119 នាក់
– អ្នកស្លាប់= 1,881 នាក់ ៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print