ខេត្តកំពង់ធំ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកថ្នាំពេទ្យចិន និងម៉ាស ប្រគល់ជូនលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ តំណាងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងស្រុកបារាយណ៍ ស្រុកតាំងគោក ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ «៣កុំ ៣ការពារ» ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងខេត្ត។
* សម្ភារបរិក្ខារដែល លោករដ្ឋមន្ត្រី ថោង ខុន ប្រគល់នេះជូនរួមមាន៖ ថ្នាំពេទ្យចិន LIANHUA Qingwen jiaonang ចំនួន ៨០០ប្រអប់ ជាអំណោយផ្ទាល់របស់លោករដ្ឋមន្ត្រី និងម៉ាស់ចំនួន ២ម៉ឺនម៉ាស់ ឧបត្ថម្ភដោយក្រុមហ៊ុន Wonderpass Technology Co.,Ltd Cambodia ជូនរដ្ឋបាលខេត្តកំពង់ធំ ១ម៉ឺនម៉ាស់, ស្រុកបារាយណ៍ ៥០០០ម៉ាស់ និងស្រុកតាំងគោក ៥០០០ម៉ាស់។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ថោង ខុន បានណែនាំទៅកាន់រដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាមន្ត្រីសុខាភិបាលក្នុងខេត្តទាំងអស់ គប្បីយកថ្នាំនេះទៅប្រើប្រាស់ ឱ្យចំគោលដៅ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយព្យាបាលប្រជាជនឱ្យមានប្រសិទ្ធភាព ពោលគឺត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានណែនាំឱ្យរដ្ឋបាលខេត្តកំពង់ធំ និងស្រុកទាំង២ ត្រូវជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា និងចូលរួមអនុវត្តន៍ឱ្យបាន នូវវិធានការ ៣កុំ ៣ការពារ ដើម្បីបញ្ជៀសឱ្យបាននូវចំលងជំងឺកូវីដ១៩នៅក្នុងសហគមន៍។
ជាមួយគ្នានោះ លោកស្រី លំ គន្ធារី បានថ្លែងអំណរគុណចំពោះឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ដែលបាននាំយកគ្រឿងបរិក្ខារដ៏ចាំបាច់នេះ មកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមក្នុងខេត្ត និងបានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភសម្ភារៈខាងលើនេះ តាមរយៈលោករដ្ឋមន្ត្រី ថោង ខុន។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ នៅទូទាំងខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣ ៣២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២ ៦១១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥៩៩នាក់ទៀត៕
ដោយ, សិលា