លោក ស សុខា ប្រាប់ថា វត្តមានសម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ!

ចែករំលែក៖

ភ្នំពេញ÷នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកស សុខា កូនប្រុសរបស់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២១ នេះបានបញ្ជាក់ជូនថា សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ៖ វត្តមានសម្តេចក្រឡាហោម ស ខេងទៅប្រទេសបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ នោះឡើយ ។

ចំពោះការលើកឡើងទាំងមិនពិត របស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើងដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេញចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួកប៉ុណ្ណោះ ពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជន បានធ្វើ និងមើលឃើញជាក់ស្តែង។

ក្រៅពីនេះការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ សំដៅមុតស្រួចក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បាន និងកំពុងប្រកាន់ខ្ជាប់ខ្ជួននូវសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំ ពោលគឺមិនមែនអ្នកណាម្នាក់ ឬក្រុមណាមួយ អាចបំបែកបំបាក់ផ្ទៃក្នុងបានឡើយ ។

ទង្វើរបស់អ្នកនយោបាយ ដែលធ្វើគ្រាន់តែដេីម្បីមហិច្ឆតាផ្ទាល់ខ្លួនរស់ទោះអ្នកដទៃស្លាប់ក៏ដោយចុះបែបនេះ​ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចរិកអ្នកនយោបាយគ្មានក្រមសីលធម៌វិជ្ជាជីវៈ​ ក្នុងចេតនាទុច្ចរិតដដែលៗ បំភ្លៃរឿងមិនពិត ប្រឌិតបំពុលសង្គម និងបរិយាកាសនយោបាយនៅកម្ពុជា ជាពិសេសបាននិងកំពុងតែមួលបង្កាច់ទម្លាក់កំហុសយ៉ាងពិសពុលលើសម្តេចក្រឡាហោម ស ខេង ផងដែរ។

ដូច្នេះសូមសាធារណជនទាំងអស់ កុំជឿលើការលើកឡើង នៃក្រុមអ្នកនយោបាយអាត្មានិយម ដែលក្នុងចិត្តគំនិតគិតតែពីចង់បានអំណាច​ ផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ដោយមិនគិតពីផលប្រយោជន៍ជាតិរួម មិនយកការពិតជាមូលដ្ឋាន នោះឲ្យសោះ។

ក្នុងនាមអ្នកនយោបាយជំនាន់មុន​ គួរគប្បីធ្វេីជាគំរូវិជ្ជមាន​ សម្រាប់អ្នកនយោបាយជំនាន់ក្រោយរៀនសូត្រតាម​ ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ​ ជ្រោមជ្រែងជាតិពិតប្រាកដ​ ចៀសវាងការធ្វេីប្រជាភិថុតិយុវជន​ ប្រជាជន៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print