ភ្នំពេញ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃចន្ទទី៣០ ខែសីហា ឆ្នាំ២០២១នេះថា៖ ប៉ុន្មានថ្ងៃនេះ ប្រទេសមួយចំនួនដែលមិនជាប់ពាក់ព័ន្ធនឹងសង្រ្គាមនៅអាហ្វហ្គានីស្ថាន បានរួមគ្នាបង្ហាញកាយវិការមនុស្សធម៌អន្តរជាតិដោយសុខចិត្តទទួលជនភៀសខ្លួនស៊ីវីលអាហ្វហ្គានីស្ថានឱ្យស្នាក់នៅបណ្តោះអាសន្នសិន រង់ចាំបំពេញបែបបទចេញទៅប្រទេសទី៣។
លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា ចំណែកឯប្រទេសដែលតែងតែតាំងខ្លួនជាបីតាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យវិញ និងបានរួមគ្នាឈ្លានពាននិងបង្កសង្រ្គាមនៅអាហ្វហ្គានីស្ថាន នាំឱ្យមានវិប្បត្តិជនភៀសខ្លួននាពេលនេះ បែជាមិនទទួលជនភៀសខ្លួនទាំងនោះឱ្យចូលក្នុងប្រទេសរបស់ខ្លួនទៅវិញ តែត្រូវស្នាក់នៅបណ្តោះអាសន្ននៅប្រទេសដ៏ទៃសិនដើម្បីរង់ចាំបំពេញបែបបទនិងលក្ខខណ្ឌជាជនភៀសខ្លួនឱ្យបានចប់សប់គ្រប់ មុននឹងអនុញ្ញាតឱ្យចូល។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖ នេះបានហៅថា បីតាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមែន!៕ដោយ៖សហការី
ប្រភពពី៖ហ្វេសប៊ុកលោក ជិន ម៉ាលីន