សង្ស័យមានអ្នកធំ ឲ្យក្រុមការងាររៀបចំប្រើគ្រឿងចក្រឈូសឆាយរំលោភយក ដីគម្របព្រៃ នៅឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ , រឿងនេះកំពុងបែកធ្លាយហើយ ! 

ចែករំលែក៖

ខេត្តក្រចេះ, ប្រមាណជាង១ខែកន្លងទៅនេះ មានករណី ឈូសឆាយ ទន្រ្ទានដីព្រៃធ្វើឡើងនៅចំណុចអូរពាក់វែក ស្ថិតក្នុងភូមិល្អ ឃុំ ចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ អាចកើតឡើងជារបៀបកន្ទេលធំបន្លំដេក ពីអាជ្ញាធរគ្រប់លំដាប់ ឃុបឃិតជាមួយឈ្មួញ មានអំណាចនៅរាជធានីភ្នំពេញ ហើយប្រើរូបភាពទិញពីប្រជាពលរដ្ឋ ដែលគាត់ចាប់យកដីរដ្ឋនោះ។

ជាក់ស្តែង មន្ត្រីនិងជំនាញនៅខេត្តក្រចេះ បានចុះទៅរកឃើញ គ្រឿងចក្រចំនួន២គ្រឿង។ នេះបើយោងតាមរបាយការណ៍១ដាក់ចូលទៅកាន់អាជ្ញាធរខេត្ត ជារបាយការណ៍ដំណឹងបឋម។

ក្នុងរបាយការណ៍នោះលើកជូនអាជ្ញាធរខេត្តថា, បើយោងតាមប្រភពបញ្ជាក់ថា , ទីតាំង នេះជាគម្របព្រៃឈើរបស់រដ្ឋ ដោយគេមាន ផែនការឈូសឆាយយកចំនួន៣០០០ហិក តា។ ករណីនេះគឺអ្នកទិញបានឃុបឃិតជាមួយ អាជ្ញាធរមូលដ្ឋាន ឲ្យពលរដ្ឋឈរឈ្មោះលក់ដី ដោយទើបតែចុះហត្ថលេខាថ្មីៗនេះពីលោកស្រី មេឃុំចង្ក្រង់ គឺលោកស្រី ពេញ ពៅ ដោយមានការរៀបចំពីថ្នាក់ស្រុក ខេត្តទៀតផង។

ក្នុងរបាយការណ៍បន្តថា, មេការរៀបចំទិញលក់ដីឈ្មោះ តាបាក់ និងមានមន្ត្រីស្នងការដ្ឋាននគរបាលខេត្ត ម្នាក់ ជាអ្នកមើលការខុសត្រូវ ចេញមុខចំណាយ កក់គ្រឿងជាង៣០គ្រឿងរួចហើយដែរ។ កាលពីសប្ដាហ៍មុន គ្រឿងចក្រចំនួន១៧គ្រឿងបាន ចូលទៅភូមិល្អ តាមផែនការ ប៉ុន្តែដោយសារ ក្រុមការងារចុះទៅដល់គោលដៅ ធ្វើឲ្យបែក ការណ៍ ត្រូវគេជំលៀសចេញទាំងយប់ ហើយ នៅសល់តែ២គ្រឿង ដែលបានរកឃើញ កំពុង វ៉ៃព្រៃក្នុងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។

បើតាមក្រុមការងារចុះទៅស៊ើបស្រាវជ្រាវ ក៏បាន សំណូមពរសុំកម្លាំងសហការ ដើម្បីចុះបង្រ្កាប តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បើទុកដល់ស្អែកផុតថ្ងៃទី២០ហ្នឹង គ្រឿងចក្រអាចបើកគេចយកទៅ លាក់ទុកដូចថ្ងៃមុន។ ប៉ុន្តែមកដល់រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ការបង្ក្រាបមិនទាន់ចាត់វិធានការនៅឡើយ។

ពាក់ព័ន្ធករណីខាងលើ លោកស្រី ពេញ ពៅ មេឃុំចង្រ្កង់ បានប្រាប់អង្ភភាព”នគរដ្រេហ្គន”តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ , ខ្ញុំសូមជម្រាបជូនផងដែរថា, មិនទាន់មានលិខិតឈូសឆាយនៅឡើយទេ ប៉ុន្តែចំពោះករណីដែលគាត់បានធ្វើលិខិតក្នុងការជួលអាប៊ុលនោះ ខ្ញុំទទួលស្គាល់មែន ហើយខ្ញុំក៏បានចារនៅលើលិខិតហ្នឹងមែនពិតប្រាកដដែរ។ លោកស្រីបានបន្តថា, បើចំពោះលិខិតអនុញ្ញាតឲ្យមានការឈូសឆាយនោះគឺមិនទាន់មានទេ, ។ ត្រង់សំណួរដែលសួរថាតើដីនោះជាដីរបស់រដ្ឋឬក៏ជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ? លោកស្រីមេឃុំបានថ្លែងយ៉ាងដូច្នេះថា, ដីនោះប្រជាពលរដ្ឋគាត់បានចាប់យក ! លក្ខណៈគ្រួសារម្នាក់៥ហិកតាៗ , ប្រជាពលរដ្ឋជនជាតិ , ហើយកន្លែងហ្នឹងអតីតកាលគឺជាដីរបស់ក្រុមហ៊ុន ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលលុបចោល , ពេលនោះប្រជាពលរដ្ឋក៏បានចូលទៅទន្ទ្រានចាប់យក ហើយក៏មានបងប្អូនជនជាតិចាម គាត់ចូលទៅចាំយកមុនក្រោយមកក៏មានខាងខ្មែរយើងហ្នឹងចូលទៅចាប់យកដែរ ខ្ញុំក៏មិនហ៊ានធ្វើការហាមឃាត់ទេដល់បច្ចុប្បន្ន។ ដោយឡែកលោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី ជាមួយអង្គភាព”នគរដ្រេហ្គន”លោកមិនបានធ្វើការការបកស្រាយ ឬបញ្ជាក់បែបណាទេ , តាមទូរស័ព្ទ ,លោកគ្រាន់តែប្រាប់ថា, ខ្ញុំសូមទោសផងកំពុងជាប់ប្រជុំតាមប្រព័ន្ធ (Virtual Meeting) ក្នុងធុរ:ការចាំបាច់ , ខ្ញុំសូមទោសផង ខណ:ខ្ញុំមិនមានពេល បានបកស្រាយជូន ។

លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ តាមទូរស័ព្ទជាមួយអង្គភាព”នគរដ្រេហ្គន”លោកមានប្រសាសន៍ថា, ខ្ញុំមិនចង់លម្អិតរឿងហ្នឹងទេ ដោយសារព្រឹកមុិញ ក្រុមការងារគ្រប់គ្រងដីរដ្ឋបានធ្វើការប្រជុំក្នុងរឿងនេះហើយ ដូច្នេះខ្ញុំចង់បង្វែររឿងនេះអោយទៅសួរលោក គង់ គឹមនី ជាអ្នកធ្វើកិច្ចការនេះ ដោយសារថ្មើរនេះ ខ្ញុំកំពុងជាប់ប្រជុំផង ហើយក៏អរគុណការសួរខាងលើនេះដែរ។ ដោយឡែកលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ អង្គភាព”នគរដ្រេហ្គន” នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មិនអាចធ្វើការទាក់ទងបានទេដោយគ្មានលេខទូរស័ព្ទ។

សូមបញ្ជាក់ថា, ក្នុងករណីដែល មានមន្ត្រីនគរបាលម្នាក់ក្នុងស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជាអ្នករៀបចំក្នុងករណីឈូសឆាយដីព្រៃនោះជាមួយ (តាបាក់) , លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, រឿងនេះខ្ញុំបានដឹងដែរកន្លងទៅ ! ព្រមទាំងធ្លាប់ចាត់ឲ្យក្រុមការងារចុះទៅស្រាវជ្រាវ ប៉ុន្តែមិនមានសកម្មភាពក្នុងការឈូសឆាយនៅឡើយ។ លោកស្នងការបន្តថា, បើចំពោះថាមានមន្ត្រីនគរបាលខេត្តទៅចាត់ចែងនៅទីនោះ គឺខ្ញុំសូមប្រាប់ដោយត្រង់ មិនមានជាដាច់ខាត បើមានវិញ , ក៏ខ្ញុំត្រូវចាត់វិធានការតាមផ្លូវច្បាប់ដែរ។

ពាក់ព័ន្ធមានករណី ឈូសឆាយ ទន្រ្ទានដីព្រៃធ្វើឡើងនៅចំណុចអូរពាក់វែក ស្ថិតក្នុងភូមិល្អ ឃុំ ចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលឈ្មួញត្រៀមទន្ទ្រានយកដល់ ៣០០០ហិកតា នោះ លោក គឺ ប៉ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, ខ្ញុំអត់ទាន់បានទទួលដំណឹងក្នុងរឿងនេះសោះ ដោយសារសមត្ថកិច្ចនិងអាជ្ញាធរអត់ទាន់រាយការណ៌ជូន ប៉ុន្តែបើមានការរំលោភឈូសឆាយយកដីរដ្ឋ លោកនឹងមានវិធានការតាមផ្លូវច្បាប់។សូមជម្រាបជូនផងដែរថា, ប្រភពខ្លះបានលើកឡើងថា, អ្នកដែលព្យាយាមទន្ទ្រានឈូសឆាយយកដីជាច្រើនហិកតានោះ គឺជាអ្នកមានអំណាចម្នាក់នៅរាជធានីភ្នំពេញ ក្នុងនោះក៏មានការចាត់ចែងឱ្យដៃជើងរបស់ខ្លួនធ្វើការជាមួយនឹងអាជ្ញាធរឃុំ បន្ទាប់ពីលោកស្រីមេឃុំចង្ក្រង់ បានជាប់ពាក់ព័ន្ធក្នុងករណីនេះដែរ ក្នុងនេះរៀបដីឲ្យឈ្មួញយកប្រជាពលរដ្ឋធ្វើជាខែល ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print