ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំផែនការ ត្រៀមទទួលជនភៀសខ្លួនអាហ្វហ្គាននីស្ថាន ដែលអាចនឹងចូលមកប្រទេសកម្ពុជានាពេលឆាប់ខាងមុខនេះ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅឯអគារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ ប្រធាន-អនុនាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំននេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា ការត្រៀមទទួលជនភៀសខ្លួនអាហ្វហ្គាននីស្ថាន ដែលអាចនឹងចូលមកប្រទេសកម្ពុជានាពេលឆាប់ខាងមុខនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានទទួលសំណូមពរពី អង្គការ Asia Foundation ដើម្បីសុំជម្លៀសបុគ្គលិករបស់អង្គការនេះ ដែលជាជនជាតិអាហ្វហ្គាននីស្ថាន ឲ្យចេញពីប្រទេសនេះ ដែលកំពុងមានភាពច្របូកច្របល់ដោយសារសង្គ្រាម។
ជាមួយគ្នានេះដែរ លោកនាយឧត្តមសេនីយ៍អគ្គនាយក បានមានប្រសាសន៍បន្តថា ករណីនេះគឺបន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសំណើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមសំណូមពររបស់អង្គការ Asia Foundation ដោយយល់ព្រមទទួលជនភៀសខ្លួនអាហ្វហ្គាននីស្ថាន មិនឲ្យលើសពី ៣០០នាក់ ។ ដូច្នេះភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវធ្វើគឺការផ្តល់ទិដ្ឋការពេលមកដល់ ដល់ជនភៀសខ្លួនខាងលើ និងអនុញ្ញាតប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន ជាឯកសារសម្រាប់ធ្វើដំណើរ រួមទាំងលើកលែងវិធានសុខាភិបាល សម្រាប់ការធ្វើដំណើរចូលប្រទេសកម្ពុជា ដល់ជនភៀសខ្លួនទាំងនោះ ដើម្បីឲ្យពួកគេអាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តវិធានការសុខាភិបាលនានា ដូចជា ធ្វើតេស្ត និងចត្តាឡីស័កជាដើម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ពេលដែលពួកគេចូលមកក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានមានប្រសាសន៍បញ្ជាក់ថា តាមនីតិវិធីនេះហើយដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺជាប្រតិបត្តិករជួរមុខ សម្រាប់ត្រៀមលក្ខណៈសម្បត្តិ ដើម្បីត្រៀមទទួលជនភៀសខ្លួនទាំងនោះ៕ដោយ៖សហការី