ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថាប្រទេសចិនបានចេញបទបញ្ជាថ្មី ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយពួកគេអាចលេងហ្គេមបានតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៩យប់តែប៉ុណ្ណោះ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg។
ការកំណត់ថ្មីនេះគឺមានភាពតឹងរឹងជាងការកំណត់កាលពីឆ្នាំ ២០១៩ ដែលអនុញ្ញាតឱ្យក្មេងជំទង់លេងហ្គេមអនឡាញ ៩០នាទីក្នុងមួយថ្ងៃ។ អាជ្ញាធរបានប្រកាសថា បទបញ្ជាថ្មីនេះគឺដើម្បីការពារសុខមាលភាពរបស់កុមារទាំងផ្លូវកាយ និងផ្លូវចិត្តពីភាពប៉ះពាល់ដោយសារតែការលេងហ្គេមអនឡាញច្រើនហួសហេតុ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៦ កន្លងទៅ ប្រទេសចិនបានចេញច្បាប់តម្រូវឱ្យអ្នកអភិវឌ្ឍកម្មវិធីហ្គេមទាំងអស់ចុះឈ្មោះជាផ្លូវការជាមួយនឹងរដ្ឋាភិបាល ហើយក្នុងឆ្នាំ ២០២០ ចិនក៏បានទាមទារឱ្យក្រុមហ៊ុន Apple លុបចោលហ្គេមអនឡាញណាដែលមិនមានការអនុញ្ញាតពីរដ្ឋាភិបាល៕
ដោយ៖សហការី