ខេត្តត្បូងឃ្មុំ ៖ ជនមួយចំនួនតូចដែលងប់ ងុលនឹងល្បែងសុីសងនៅតែល្មេីសវិធានការច្បាប់ វិធានការសុខាភិបាល និងវិធានការរដ្ឋបាលដដែល។ ជាក់ស្តែងពួកគេបានលួចប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងបញ្ជល់មាន់ជាលក្ខណ:បោសដីគូសរង្វង់ ស្ថិតនៅក្នុងភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ទោ ស៊ាន ម៉េងស៊ាន អធិការរងនគរបាលស្រុកតំបែរបានឱ្យដឹងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា មានមនុស្សមួយក្រុមកំពុងប្រមូលផ្តុំគ្នាលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់)នៅចំណុចទីតាំងខាងលេីរួចមក នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១លោកបានដឹកនាំកម្លាំងជំនាញចំនួន៥នាក់ចុះដល់ចំណុចចម្ការកៅស៊ូដែលជាទីតាំងលេងល្បែងបញ្ជល់មាន់មិនស្គាល់ម្ចាស់អ្នកបើកលេងនោះ គឺស្ថិតនៅក្នុងភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ទោ ស៊ាន ម៉េងស៊ាន អះអាងថា នៅពេលកម្លាំងសមត្ថកិច្ច្ចទៅជិតដល់ ពួកអ្នកលេងល្បែងដឹងមុនក៏បាននាំគ្នារត់គេចខ្លួនចេញពីទីនោះបាត់អស់ បន្សល់ទុកតែបង់រុំជើងមាន់ចំនួន២ដុំ ក្រៅពីនេះពុំមានអ្វីទៀតទេ ។
លោកប្រាប់ថា ទីតាំងខាងលើមិនមានរូបភាពជាសង្វៀន ឬព័ទ្ធខ្សែអ្វីទេ គឺគេបោសដីគូសជារង្វង់លេងតែម្តង ៕,ដោយ វណ្ណៈ