ក្រុងប៉ោយប៉ែត៖ កម្លាំងនគរបាលអធិការក្រុងប៉ោយប៉ែត សហការ ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ផ្សារ កណ្ដាលឃាត់ខ្លួនក្រុមក្មេងទំនើងលក់ និងសេពថ្នាំញៀនបានជាបន្តបន្ទាប់ រួមជាមួយវត្ថុតាង ។
លោកព្រហ្ម ពិសិដ្ឋ អធិការងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីម៉ោង១៥និង៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ កម្លាំងប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាល បានល្បាតក្នុងភូមិសាស្ត្រ ហើយមានប្រជាពលរដ្ឋបានរាយការណ៍ថា មានក្រុមក្មេងកំពុងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះខ្ទមអនាធិប្បតេយ្យសង់នៅលើដីអណ្ដូងនៅក្នុងមណ្ឌល៨ ឋិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលនោះកម្លាំងប៉ុស្ដិ៍បានចុះទៅដល់ ស្រាប់តែឃើញជនសង្ស័យ០២នាក់ បានរត់ចេញពីខ្ទម ហើយក៏លាក់ម្ស៉ៅក្រាម ពណ៌ស២ថង់តូច រួចគេចខ្លួនបាត់ពីរនាក់នៅសល់ជនសង្ស័យពីរនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ជា ដប ភេទប្រុស អាយុ២៤ឆ្នាំ ទី០២មានឈ្មោះ ខាន់ សុខន ភេទប្រុស អាយុ២៩ឆ្នាំស្នាក់នៅកន្លែងកើតហេតុ ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការសាកសួរ ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនបានលក់គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស ឲ្យទៅជនសង្ស័យទាំងពីរនាក់ដែលរត់គេចខ្លួន ដោយមួយកញ្ចប់ក្នុងតម្លៃ១០ដុល្លារអាមេរិក និងមួយកញ្ចប់ទៀតក្នុងតម្លៃ៣ម៉ឺនរៀល ។
ក្រោយមក កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យក្នុងផ្ទះខ្ទម ដែលជនសង្ស័យស្នាក់នៅមានដាវសាំម៉ូរ៉ៃចំនួន៣ដើម និងប្រដាប់បំរើឲ្យគ្រឿងញៀនមួយចំនួនធំ ។
លោកបានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងប៉ុស្ដិ៍ផ្សារកណ្ដាលបានបង្ក្រាប បក្ខពួកជនសង្ស័យខាងលើចំនួន៣នាក់ទៀត នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែល១មានឈ្មោះធិរិទ្ធ ចាន់ឡេះ ភេទប្រុស អាយុ២០ឆ្នាំ សៀង អឿត ភេទប្រុស អាយុ២៤ឆ្នាំ មានឈ្មោះកុក ឡំពៅ ភេទប្រុស អាយុ១៦ឆ្នាំ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌ស ចំនួន១ថង់តូច ជនសង្ស័យទាំងបីនាក់ រស់នៅក្នុងភួមកើតហេតុខាងលើ ។
លោកបន្តថា ក្រុមក្មេងទំនងទាំងនេះ ច្រើនតែធ្វើសកម្មភាពលួចសេពថ្នាំញៀនពេលយប់ ក្រោយពីការសេពថ្នាំរួច តែងតែបង្កអសន្តិសុខក្នុងភូមិ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំនៅសុវត្ថិភាព ។
លោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត មានប្រសាសន៍ថា ជនសង្ស័យទាំង៥នាក់នេះ បន្ទាប់ពីកម្លាំងសាកសួរ ធ្វើកំណត់ហេតុ គេបានឆ្លើយសារភាព ដូចសមត្ថកិច្ចចោទសួរពិតប្រាកដមែន ក្រោយពីសាកសួរធ្វើកំណត់ហេតុជនសង្ស័យទាំង៥នាក់ នឹងបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៩ ខែមីនា ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ វណ្ណា