ភ្នំពេញ ៖ បន្ទាប់ពីសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន តាមកញ្ចប់បញ្ញើ ពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូងចូលមកកម្ពុជា ពេលនេះបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ បន្ទាប់ពីតំណាងអយ្យការ បើកការស៊ើបសួរ ពេលនេះបានធ្វើការចោទប្រកាន់ហើយ។
លោក ប្លង់ សុផល ព្រះរាជអជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា តំណាងអយ្យការបានបេីកការស៊េីបសួរលេីជនត្រូវចោទ ពីបទ ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
គួររំលឹកថា កាលពីវេលាម៉ោង ២ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រហូតកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ បានសហការជាមួយគយ និងរដ្ឋាករប្រចាំឃ្លាំងទំនិញ(CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយ:ក្រុមហ៊ុន DHL ដែលបង្កប់លាក់សារធាតុញៀន(រាវ)ប្រភេទ កេតាមីន( KETAMINE ) ក្នុងដបជ័រ ពណ៌-ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់ ១០គីឡូក្រាម(គិតទាំងសំបក)។
សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តការស៊ើបអង្កេត ដោយអនុវត្តតាមនីតិវិធីប្រគល់ដោយមានការឃ្លាំមើល សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោក លឹម ប៊ុនសុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឈានទៅបង្ក្រាបនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុងភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះកម្លាំងសមត្ថកិច្ចប្រាប់ឲ្យដឹងថាជនសង្ស័យទាំង៤នាក់ មានឈ្មោះ ៖ ទី១ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន E89753382 ។
ទី២-ឈ្មោះ ឆូយ ប៊ុនវុទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិ ខ្មែរ។
ទី៣-ឈ្មោះ FU XIN MING ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន EE2807074 ។
ទី៤-ឈ្មោះ HU XIAO HUI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ ចិនលិខិតឆ្លងដែន EE7058599។
ព្រមទាំងវត្ថុតាងមួយចំនួនទៀត រួមមាន: សារធាតុញៀន កេតាមីន(KETAMIE)៦០ដប ទម្ងន់សុទ្ធ ៥ គីឡូក្រាម ១៣៤.២០ក្រាម។
បច្ចុប្បន្នជនត្រូវចោទទាំង៤ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមធ្វើការស៊ើបសួរបន្តនីតិវិធី៕ ដោយ រ៉ារ៉ា