ភ្នំពេញ, លើផេកផ្លូវការរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, នៅក្នុងប្រទេសកម្ពុជាមានសត្វត្មាតបីប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតជាប្រភេទបក្សីកម្រ និងជិតផុតពូជក្នុងប្រទេសកម្ពុជា។ សត្វត្មាតទាំងបីប្រភេទនេះកំពុងទទួលរងគ្រោះ ថ្នាក់ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ ការបំពុលជាដើម។ រួមគ្នាការពារសត្វត្មាត ដោយមិនបរិភោគសាច់សត្វព្រៃ និងមិនប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។
១. ត្មាតត្នោត (Slender-billed Vulture) មានកម្ពស់ ពី ៨១ ទៅ១០៣ ស.ម ដងខ្លួនពណ៌ខ្សាច់ ក្បាលនិងកវែងខ្មៅ មានរោមកនិងចុងខ្នងពណ៌ស ពេលហើរស្លាបមានពណ៌ខ្មៅ។
ទីជម្រក៖ តំបន់ព្រៃល្បោះនៃភាគឧត្តរនៃផ្ទៃប្រទេសកម្ពុជា។
ជីវសាស្រ្ត៖ ជារឿយៗរស់នៅជាហ្វូងដោយស៊ីសាកសពជាអាហារ។
របាយ៖មានវត្តមានពេញមួយឆ្នាំ ជាពិសេសមាននៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែងក្រចេះ រតនគីរី និងមណ្ឌល់គីរី នៃប្រទេសកម្ពុជា ជាប្រភេទជិតផុតពូជ។
រដូវបន្តពូជ៖ ចាប់ពីខែ តុលា ដល់ ខែឧសភា ក្នុងមួយរដូវមានពងចំនួន ១ ។
២. ត្មាតភ្លើង (Red-headed Vulture) មានកម្ពស់ពី៧៦ ទៅ ៨៦ ស.ម ដងខ្លួនពណ៌ខ្មៅ ក្បាលនិងជើងក្រហម ភ្លៅមានរោមពណ៌ស និងមានឆ្នូតសតាមបណ្ដោយកណ្ដាលស្លាបផ្នែកខាងក្រោម។ ញីមានភ្នែកពណ៌ខ្មៅ ឈ្មោលមានភ្នែកពណ៌លឿង។
ទីជម្រក៖ តំបន់វាលព្រៃល្បោះដែលមានអូរ។
ជីវសាស្រ្ត៖ រស់នៅក្នុងព្រៃស៊ីសាក សពជាអាហារ។
របាយ៖ វត្តមានពេញមួយឆ្នាំ នៅខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌល់គីរីនៃប្រទេសកម្ពុជា ជាប្រភេទជិតផុតពូជ។
រដូវបន្តពូជ៖ ចាប់ពីខែតុលា ដល់ ខែឧសភា ក្នុងមួយរដូវមានពងចំនួន១ ។
៣. ត្មាតផេះ ( White-rumped Vulture) មានកម្ពស់ពី ៧៥ ទៅ ៨៥ ស.ម។ សត្វពេញវ័យ មានចុងខ្នង រោម ក និងផ្នែកក្រោម ស្លាបពណ៌ស ក្បាល ក ពណ៌ប្រផេះ ដងខ្លួនមានពណ៌ខ្មៅ។
ទីជម្រក៖ តំបន់ព្រៃលំហ និងតាមជ្រលងភ្នំ។
ជីវសាស្ត្រ៖ រស់នៅជាហ្វូងដោយស៊ីសាកសពជាអាហារ។ របាយ៖ វត្តមានពេញមួយឆ្នាំ ភាគច្រើនមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌល់គីរីនៃប្រទេសកម្ពុជា ជាប្រភេទជិតផុតពូជ។
រដូវបន្តពូជ៖ ចាប់ពីខែ តុលា ដល់ ខែឧសភា ក្នុងមួយរដូវាមានពងចំនួន១។
ក្រសួងបរិស្ថានបានបញ្ជាក់ថា, រួមគ្នាការពារសត្វត្មាត ដោយមិនបរិភោគសាច់សត្វព្រៃ និងមិនប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ៕
ដោយ, សិលា