មន្ទីរព័ត៌មានខេត្តសៀមរាប៖ សាវម៉ាវព្រៃមិនសូវមានអ្នកស្គាល់ ប៉ុន្តែអាចបរិភោគបាន ហើយមានរសជាតិជូរផ្អែម ដែលមានវត្តមានក្នុងព្រៃសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍

ចែករំលែក៖

ខេត្តសៀមរាប៖ យោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប តាមរយៈអត្ថបទ និង រូបថតពី លោក ឃុត សៅ និងកែសម្រួលអត្ថបទ ពី លោក លីវ សាន្ត បានបញ្ជាក់អោយដឹងថា,សាវម៉ាវព្រៃមិនសូវមានអ្នកស្គាល់ ប៉ុន្តែអាចបរិភោគបាន ហើយមានរសជាតិជូរផ្អែម ដែលមានវត្តមានក្នុងព្រៃសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ។

បើតាម លោក អ៊ិន សៅ សមាជិកសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា សាវម៉ាវព្រៃ ជាប្រភេទរុក្ខផលធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ និងព្រៃសហគមន៍ ដែលដើមរបស់វាជាប្រភេទវល្លិ ដុះឡើងតាមដើមឈើខ្ពស់ៗ មានដើមពីតូចដល់ធំ ស្លឹកវាស្រដៀងគ្នា និងសាវម៉ាវស្រុកដែរ និងមានផ្លែប៉ុនសាវម៉ាវស្រុកដែរ តែមានរាងវែងបន្តិច ដែលអាចបរិភោគបាន ដែលមានរសជាតិជូរផ្អែម ផ្លែទៅតាមរដូវកាល គឺចាប់ពីខែសីហា ដល់ខែតុលា ខណៈកន្លងមក មិនសូវមានអ្នកស្គាល់ និងបានបរិភោគនោះទេ និង មិនមានអ្នកបេះយកទៅលក់នៅតាមទីផ្សារឱ្យទូលំទូលាយដែរ។

លោក អ៊ិន សៅ បានឱ្យដឹងទៀតថា កន្លងមកនេះ ប្រជាសហគមន៍បានបេះសាវម៉ាវព្រៃនេះ សម្រាប់តែបរិភោគខ្លួនឯង និងលក់ខ្លះៗដល់អ្នកទេសចរមកកម្សាន្តនៅក្នុងសហគមន៍ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ អ្នកទេសចរចាប់ផ្តើមស្គាល់ និងបានបរិភោគផ្លែសាវម៉ាវនេះកាន់តែច្រើនជាងមុន ហើយនិងអាចធ្វើឱ្យប្រជាពលរដ្ឋបេះផ្លែឈើប្រភេទនេះ ទៅលក់នៅទីផ្សារផងដែរ ហើយសម្រាប់សហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍នេះ គឺបានផ្តល់ប្រយោជន៍យ៉ាងច្រើនដែរ ដល់ប្រជាពលរដ្ឋ ដូចជា ៖ ចំណូលពីការបានភ្ញៀវទេសចរចូលមកទស្សនា  ចំណូលពីអនុផលព្រៃឈើ រួមមាន ៖ ការយកទឹកឃ្មុំ , បេះផ្សិត , បេះផ្លែឈើព្រៃទៅតាមដូវកាល ដូចជា ផ្លែគុយ ,សេមាន់ , សាវម៉ាវព្រៃ និងផ្លែកោណជាដើមដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សព្រៃឈើឱ្យបានល្អ ព្រោះវាបានផ្តល់ប្រយោជន៍ជាច្រើនដល់យើងគ្រប់គ្នាតាមរយៈរូបភាពផ្សេងៗគ្នា។

លោក សូត្រ គិមសុង ជាប្រជាលរដ្ឋម្នាក់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដែលបានធ្វើដំណើរទៅកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍នេះ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលលោកបានស្គាល់សាវម៉ាវព្រៃនេះ ខណៈកន្លងមកលោកស្គាល់តែផ្លែឈើស្រុក ឥឡូវនេះលោកបានកម្សាន្តនៅសហគមន៍បានស្គាល់ និងបានភ្លុករស់ជាតិសាវម៉ាវនេះទៀត ហើយនៅតំបន់នេះ ប្រហែលជានៅមានផ្លែឈើព្រៃដែលអាចបរិភោគបានជាច្រើនទៀត ដែលរូបលោក ក៏ដូចជាយុវជនជំនាន់ក្រោយផ្សេងៗទៀត មិនទាន់ស្គាល់ ដូច្នេះដូមឱ្យប្រជាសហគមន៍ និងប្រជាពលរដ្ឋទូទៅ ចូលរួមការពារព្រៃឈើទាំងអស់គ្នា ព្រោះវាមានប្រយោជន៍ជាច្រើនដល់យើងគ្រប់គ្នា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print