ក្លិបជើងឯកលីកកំពូលអេស្ប៉ាញ La Liga Atletico Madrid បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Antoine Griezmann ពីក្លិប Barcelona វិញក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១ឆ្នាំ។ ក្រុម Atletico នឹងសងប្រាក់ឈ្នួលរបស់កីឡាករ ហើយមានលក្ខខណ្ឌជាកាតព្វកិច្ចដើម្បីធ្វើឱ្យការផ្ទេរជាអចិន្ត្រៃយ៍ផងដែរ។
កីឡាករសញ្ជាតិបារាំងរូបនេះរកបាន១៣៣គ្រាប់ ក្នុង២៥៧ប្រកួតសម្រាប់ក្រុម Atletico Madrid ដោយចាកចេញនៅឆ្នាំ ២០១៩ បន្ទាប់ពី Barcelona បង់ប្រាក់១០៧លានផោនទិញរូបគាត់។ ប៉ុន្តែកីឡាករវ័យ៣០ឆ្នាំរូបនេះរកបានតែ៣៥គ្រាប់ប៉ុណ្ណោះក្នុង១០២ប្រកួត ហើយអាចជួយក្លិបឈ្នះពាន Copa del Rey ជាមួយ Barcelona ។
គាត់គឺជាកីឡាករទី១១ដែលចាកចេញពីក្លិប Barcelona ដែលជួបបញ្ហាផ្នែកហិរញ្ញវត្ថុនៅរដូវក្តៅនេះរួមទាំង Lionel Messi ។ ក្លិប Barcelona ត្រូវអនុញ្ញាតឱ្យអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិបចាកចេញដើម្បីឱ្យសមនឹងរចនាសម្ព័ន្ធប្រាក់ឈ្នួលរបស់ La Liga ហើយ Messi បានចូលរួមជាមួយក្លិប Paris St-Germain។
Griezmann គឺជាកីឡាករដែលត្រូវបានផ្ទេរក្នុងថ្ងៃផុតកំណត់លើកទី៣ពីក្រុម Barcelona។ ខ្សែការពារស្តាំ Emerson Royal បានចូលរួមជាមួយ Tottenham ក្នុងតម្លៃ២៥.៨លានផោន ហើយខ្សែបម្រើវ័យជំទង់ Ilaix Moriba បានផ្លាស់ទៅ RB Leipzig ក្នុងតម្លៃ១៣.៧លានផោន។
កាលពីរដូវក្តៅមុនក្រុម Atletico Madrid បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Luis Suarez ពីក្រុម Barcelona ហើយគាត់បានជួយក្រុមរបស់លោក Diego Simeone ឈ្នះ La Liga ។
ជាមួយគ្នានេះក្លិបតោខៀវ Chelsea បានចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Saul Niguez វ័យ២៦ឆ្នាំពីក្លិប Atletico Madrid ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល ៕ (រូបភាព ៖ BBC Sport)