រដ្ឋបាលរាជធានីភ្នំពេញ៖ ការស្តារប្រឡាយទួលពង្រទី២ សម្រេចបាន៩០ភាគរយហើយ នៅសល់តែជិត១០០ម៉ែត្រទៀតដែលប៉ះពាល់របងថ្មពលរដ្ឋប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ៖ មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញានេះថា៖ ការងារស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលមានប្រវែងជាង ៦០០០ម៉ែត្រនោះ មកដល់ពេលនេះសម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ១០០ម៉ែត្រទៀតប៉ុណ្ណោះ ហើយមូលហេតុដែលនៅសេសសល់នេះក៏ព្រោះតែជួបនឹងបញ្ហាដោះស្រាយផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋដែលសង់ជាប់មាត់ប្រឡាយ។
លោក ម៉ែន សុខខេន ប្រធានស្តីទីអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះដែរថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី២និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
ជាក់ស្ដែងសម្រាប់ការងារស្តារប្រឡាយ
ទួលពង្រទី២នេះ ក្រុមការងារបាននិងកំពុងអនុវត្តយ៉ាងញាប់ដៃញាប់ជើង ហើយបើគិតត្រឹមថ្ងៃទី០១ ខែកញ្ញានេះ ការស្តារប្រឡាយទួលពង្រទី២សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ១០០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែងសរុប៦១០០ម៉ែត្រ ។ ចំពោះមូលហេតុដែលនៅសេសសល់នេះក៏ព្រោះតែជួបនឹងបញ្ហាដោះស្រាយផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋ ដែលសង់ជាប់ប្រឡាយ។
លោកបញ្ជាក់ផងដែរថា ចំពោះផលប៉ះពាល់នេះ អាជ្ញាធរសង្កាត់-ខណ្ឌបាននិងកំពុងធ្វើការដោះស្រាយហើយ ។ បើដោះស្រាយរួចពេលណា ការស្តារប្រឡាយនេះនឹងរួចរាល់ក្នុង១សប្តាហ៍ទៀត ។ តែលោកជឿថា ប្រឡាយនេះនឹងស្តាររួចរាល់យ៉ាងយូរនៅពាក់កណ្តាលខែកញ្ញានេះ ។
លោកម៉ែន សុខខេន បានបន្តថា៖ ប្រឡាយ​ទួល​ពង្រទី២នេះមានប្រវែង ៦១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ ។ ប្រឡាយនេះមានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយជំនន់ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាងនិងខណ្ឌពោធិ៍សែនជ័យ រួមមានសង្កាត់ចោមចៅទី២និងចោមចៅទី១និងភាគខ្លះនៃខណ្ឌដង្កោរួមមានសង្កាត់ព្រៃសជាដេីម ។
ការងារ​ស្តារ​ប្រឡាយនេះបានចាប់ផ្តេីមដំណេីរការកាលពីថ្ងៃទី២៧ខែឧសភា​ឆ្នាំ​២០២១ ហើយបើគិតត្រឹម​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះ ជាលទ្ធផលស្តារបានប្រវែង៦០០០ម៉ែត្រ ស្មើនឹង៩០%នៃផែនការហើយ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print