ខេត្តស្វាយរៀង៖ មានហេតុការណ៍ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យបុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងប្អូនៗជួយសង្គ្រោះតែអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល
ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិគោកតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះឆាន សន្ធា អាយុ២៧ឆ្នាំ រស់នៅភូមិចន្រ្ទា ឃុំចន្រ្ទា ស្រុកចន្រ្ទា មុខរបរសិស្ស ។
ប្រភពបន្តថា មុនកើតហេតុជនរងគ្រោះនិងប្អូនប្រុស២នាក់មានឈ្មោះ ឆាន សន្ធា និងឈ្មោះ ឆាន រក្សា បានគ្នាទៅធ្វើកម្មករសំណង់នៅផ្ទះរបស់ឈ្មោះ ប៉ែន ភុល ហៅ ពេជ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កសិករ នៅភូមិ គោកតែក ឃុំចន្រ្ទា ស្រុក ចន្រ្ទា ខេត្តស្វាយរៀង។
ប្រភពបន្តថា ក្រោយមកបុរសរងគ្រោះបានឱ្យប្អូនឈ្មោះ ឆាន រក្សា លាយខ្សាច់ស៊ីមងត៍ឱ្យដើម្បីរៀបឥដ្ឋឡើងដូចសព្វដង។បន្ទាប់មកក៏បានស្រែកហៅប្អូនប្រុសម្នាក់ទៀតឈ្មោះ ឆាន កុសល ឱ្យទៅដោតឌុយខ្សែភ្លើងដើម្បីដោត
ឌុយម៉ូទ័រស្វានសសរផ្ទះ
ហើយរូបគេក៏ឡើងទៅលើធ្នឹមផ្ទះដោះពុម្ពសសរ។ ពេលកំពុងដោះពុម្ពសសរស្រាប់តែត្រូវខ្សែភ្លើងឆក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងប្អូនៗជួយសង្គ្រោះ តែអកុសលហួសពេលទៅហើយ។
ក្រោយសមត្ថកិច្ចពិនិត្យសពរួចបានសន្និដ្ឋានថា ជនរងគ្រោះគឺពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន ហើយក៏ប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត៕
ដោយ៖ យឹម សុថាន