សេចក្តីជូនដំណឹងពីករណីគម្រោងទិដ្ឋាការកសិកម្មថ្មីរបស់រដ្ឋាភិបាលអូស្រ្តាលី , កុំជឿបំផុសបំផុលផ្តល់ពត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិតក្នុង ចេតនាបោកប្រាស់ជ្រើសរើសពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី (Australia)

ចែករំលែក៖

ប្រទេសអូស្រ្តាលី: ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ត្រាលី នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ស្ថានឯកអគ្គរាជទូតកម្ពុជាសូមជម្រាបបងប្អូនពលរដ្ឋខ្មែរជ្រាបថា ថ្មីៗនេះមានសារព័ត៌មាន បណ្តាញ សង្គម ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនបានដើរបំផុសបំផុលផ្តល់ពត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិតក្នុង ចេតនាបោកប្រាស់ជ្រើសរើសពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ “កសិកម្ម” ថ្មី (Australian Agriculture Visa) របស់ប្រទេសអូស្ត្រាលី។

ករណីនេះ ដើម្បីជៀសវាងការចាញ់បោកជនខិលខូចឆ្លៀតឱកាស ស្ថានទូតសូមបំភ្លឺជូនថាបច្ចុប្បន្ន រដ្ឋាភិបាលអូស្ត្រាលី (ក្រសួងការបរទេស មហាផ្ទៃ និងក្រសួងកសិកម្មអូស្ត្រាលី) កំពុងពិភាក្សានៅឡើយលើ ការរៀបចំគម្រោងទិដ្ឋាការ កសិកម្ម”ថ្មី ជាមួយនឹងការកំណត់លក្ខខ័ណ្ឌផ្សេងៗក្នុងការទទួលបានទិដ្ឋាការនេះ។ គម្រោងទិដ្ឋាការកសិកម្មថ្មីនេះ នឹងផ្ដល់ឱកាសដល់ពលរដ្ឋប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាចមកធ្វើការ នៅប្រទេសអូស្ត្រាលីលើវិស័យកម្ម រួមទាំងឧស្សាកម្មកែច្នៃសាច់ផងដែរ (Agriculture sector including_meat processing) ជាមួយនឹងការផ្ដល់ឱកាសអាចស្នើសុំសិទ្ធរស់នៅអចិន្ត្រៃយ៍ ក្នុងករណីពលករនោះបំពេញបាន តាមលក្ខខ័ណ្ឌនិងមានតម្រូវការជាក់ស្តែងពីរដ្ឋាភិបាលអូស្ត្រាលី។ តាមគម្រោង ទិដ្ឋាការថ្មីនេះនឹងពិភាក្សាចប់សព្វ គ្រប់នៅចុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខ។ ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលីនឹងធ្វើការពិភាក្សាចរចារទ្វេរភាគី ជាមួយប្រទេសដៃគូរមួយចំនួននៅក្នុងតំបន់លើគម្រោងទិដ្ឋាការថ្មី។

ស្ថានទូតសូមជម្រាបជូនបងប្អូនផងដែរថា ក្រោមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែង រកទីផ្សារការងារជូនពលករខ្មែរ កន្លងមកស្ថានទូតបានខិតខំស្វះស្វែងរកទីផ្សារការងារជូនបងប្អូនខ្មែរទាំងនៅ ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសនូវែលហ្សេឡង់ តាមរយៈការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ប្រទេសនិមួយៗជាបន្តបន្ទាប់។ ចំពោះគម្រោងទិដ្ឋាការកសិកម្មថ្មីនេះ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសហការគាំទ្រពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជ ជីវៈកម្ពុជា ស្ថានទូតបានត្រៀមខ្លួនជាស្រេចក្នុងការបន្តជួបចរចារកទីផ្សារការងារជូនពលរដ្ឋខ្មែរជាមួយរដ្ឋាភិបាល អូស្ត្រាលី។

ស្ថានទូតសូមបញ្ជាក់ជាថ្មីថា មកទល់ពេលនេះគម្រោងទិដ្ឋាការកសិកម្មនេះកំពុងស្ថិតក្នុងដំណាក់ កាលរៀបចំនៅឡើយ ហើយរដ្ឋាភិបាលអូស្ត្រាលីនៅពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការប្រភេទនេះជូនកម្ពុជា ឬ ប្រទេសណាមួយនៅឡើយទេ។ ហេតុនេះ ស្ថានទូតស្នើបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយព័ត៌ មានពីការជ្រើសរើស និងការបញ្ជូនពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស បុគ្គល ឬអង្គភាពណាមួយ។

ព័ត៌មានផ្លូវការជុំវិញវឌ្ឍនភាពគម្រោងទិដ្ឋាការកសិកម្មថ្មីនេះ បងប្អូនអាចតាមដានលើគេហ៍ទំព័រផ្លូវការ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី (https:// www.embassyofcambodia.ogr.au) ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print