ភ្នំពេញ៖ បើយោងតាមប្រភពពី(CAMSOC) និងពាក្យស្លោកដែលមានន័យថា, យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំក្រុមគណៈកម្មការបច្ចេកទេស CAMSOC និងតំណាងសហព័ន្ធកីឡាជាតិពាក់ព័ន្ធ ចុះពិនិត្យសាលពិព័រណ៍អន្តរជាតិ ស្ថិតនៅជិតរង្វង់មូលនាងមច្ឆា ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាក្នុងសាលជាង១០ប្រភេទកីឡា សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោកអគ្គលេខាធិការមានប្រសាសន៍ថា ការចុះត្រួតពិនិត្យនៅព្រឹកថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១នេះ គឺដើម្បីមើលពីលក្ខណៈបច្ចេកទេសនៃសាលនេះ ដើម្បីត្រៀមរៀបចំការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣។ ក្រោយការត្រួតពិនិត្យឃើញថា សាលទាំងនេះមានស្តង់ដារបច្ចេកទេសខ្ពស់ល្អ មានហេដ្ឋារចនាសម្ព័ន្ធបន្ទប់ ទីធ្លាចតយានយន្តជាដើមនោះ មានលក្ខណៈសមស្រប ដែលអាចរៀបចំការតុបតែងលម្អ បំពាក់សម្ភារការប្រកួតបានយ៉ាងល្អប្រសើរ។
លោក វ៉ាត់ ចំរើន បន្ថែមថា «ការចុះត្រួតពិនិត្យនេះមានគណៈកម្មការជំនាញរបស់ CAMSOC ដូចជាគណៈកម្មការទីលានប្រកួត គណៈកម្មការបទប្បញ្ញត្តិ ដើម្បីរៀបចំទីលានកីឡាក្នុងសាល នៅទីនេះឲ្យចេញជាផែនការច្បាស់លាស់ ដើម្បីទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដូច្នេះ តាមការចង្អុលបង្ហាញរបស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានណែនាំ និងជំរុញឲ្យគ្រប់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ រៀបចំសកម្មភាពការងារទាំងអស់ឲ្យបានរួចរាល់ ត្រឹមដំណាច់ឆមាសទី២ ឆ្នាំ២០២១នេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC»។
ជារួម ទីតាំងសាលនេះ មានភាពសមស្របសម្រាប់ការរៀបចំការប្រកួតកីឡាក្នុងសាលតាមស្តង់ដាអន្តរជាតិ ហើយស័ក្តិសមនឹងកិត្តិយសរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ជាមួយគ្នានោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន OCIC ក៏បានចូលរួមក្នុងការត្រួតពិនិត្យសាលនេះដែរ ហើយលោកក៏បានធ្វើបទបង្ហាញពីសារសំខាន់ៗនៃសាលនេះ ព្រមទាំងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំសាលនេះឲ្យក្លាយជាទីលានប្រកួតកីឡាក្នុងសាល សម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ដោយ, សិលា