ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយដោយលោក លោកស្រី ជាអភិបាលរងខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញានក្ខន្ធ លោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមចូលរួម សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ថ្នាក់ដឹកនាំដ៏មានសមត្ថភាព និងប្រជាប្រិយភាពមួយរូបដែលទទួលបន្ទុកកិច្ចការនារីថ្នាក់ខេត្ដ ។ ហើយការបាត់បង់លោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ជាការបាត់បង់ធនធានមនុស្សដ៏កម្រសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។
បន្ថែមពីនេះលោកអភិបាលខេត្ត និងលោកស្រី ព្រមទាំងលោកប្រធានក្រុមប្រឹក្សាខេត្ត សហការី បានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធលោកស្រីប្រធានមន្ទីរ សូមបានទៅ សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖សហការី
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម