នៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២ខែកញ្ញា បណ្តារដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុប បានពិភាក្សាគ្នាស្តីពីវិធានការទំនាក់ទំនងជាមួយក្រុមតាលីបង់ ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ និងទប់ស្កាត់ការភៀសខ្លួនរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ។ ប្រធានគោលនយោបាយកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប លោក Josep Borrell បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា «គោលដៅនៃជំនួបពិភាក្សាគឺដើម្បីស្វែងរកកិច្ចព្រមព្រៀង សហការជាមួយក្រុមតាលីបង់ និងភាគីពាក់ព័ន្ធក្នុងតំបន់»។ លោកបន្តទៀតថា ទំនាក់ទំនងជាមួយក្រុមតាលីបង់មិនមានន័យថា ទទួលស្គាល់ក្រុមតាលីបង់ដឹកនាំអាហ្វហ្គានីស្ថាននោះឡើយ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានលើកឡើងនៅក្នុងកិច្ចប្រជុំថា ចំណុចសំខាន់គឺអាល្លឺម៉ង់ត្រូវដាក់ចេញនូវលក្ខខណ្ខច្បាស់លាស់ ដូចជាបង្កើតរដ្ឋាភិបាលសាមគ្គី ការពារសិទ្ធិមនុស្ស និងសិទ្ធិរបស់ស្ត្រី ហើយអាហ្វហ្គានីស្ថាននឹងមិនក្លាយទៅជាទីតាំងលាក់ខ្លួនរបស់ក្រុមភេរវកម្ម ។ ចំណែករដ្ឋមន្ត្រីការបរទេសLuxembourg លោកJean Asse បានបញ្ជាក់ថាក្រុមតាលីបង់ត្រូវតែយល់ថាប្រសិនបើមិនមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិនោះទេ ប្រទេសនេះនឹងដួលរលំ។ ពាក់ព័ន្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះដែរ សេវាកម្មអាកាសចរណ៍មនុស្សធម៌ នៃអង្គការសហប្រជាជាតិ (UNHAS) ដែលធ្វើប្រតិបត្តិការដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិងកំពុងចាប់ផ្ដើមជើងហោះហើររបស់ខ្លួនឡើងវិញហើយ ដើម្បីឱ្យអង្គការមនុស្សធម៌ចំនួន១៦០អាចនឹងបន្តធ្វើប្រតិបត្តិការមនុស្សធម៌របស់ពួកគេនៅតាមខេត្តនានា ក្នុងប្រទេសអាហ្វហ្កានីស្ថាន។ បើតាមអ្នកនាំពាក្យប្រមុខ UN លោក អង់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) គឺលោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) សេវាកម្មអាកាសចរណ៍មនុស្សធម៌ (UNHAS) កំពុងតភ្ជាប់ពីរដ្ឋធានី អ៊ិស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន ទៅកាន់ទីក្រុង ម៉ាហ្សារ- អាយ-ហ្សារីហ្វ (Mazar-i-Sharif) និងទីក្រុង កាន់ដាហារ (Kandahar) ប្រទេសអាហ្វហ្កានីស្ថាន ខណៈជើងហោះហើរចំនួន ០៣ បានដំណើរការទៅកាន់ទីក្រុង Mazar-i-Sharif ចាប់តាំងពីថ្ងៃទី២៩ ខែសីហាមក៕ដោយ៖ធីរីណា
រូបថត៖TTXVN-VNA.
មន្រ្តីចូលរួមកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុបនៅថ្ងៃទី ១៧ ខែសីហា។ រូបថត៖Reuters.