នគរបាលស្រុកគិរីវង់ ឡើងភ្នំកាប់និងដុតបំផ្លាញដំណាំកញ្ឆា៥ទីតាំង

ចែករំលែក៖

ខេត្តតាកែវ ៖ កម្លាំងនគរបាលស្រុកគិរីវង់ច្រើននាក់ បានឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញចោលដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ៥ទីតាំង និងអាងស្តុកទឹកចំនួន០៣អាង
ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចដុបភ្នំទទឹងស្ថិតក្នុងភូមិសាស្ត្រ ឃុំគិរីចុង ស្រុក គិរីវង់។
ប្រភពពីមន្រ្តីនគរបាលស្រុកគិរីវង់បានឲ្យដឹងថា ប្រតិបត្តិការកម្ទេចដើមកញ្ឆានេះ ធ្វើឡើងដោយអនុវត្តន៍តាមការណែនាំចង្អុលបង្ហាញ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ លោកស្នងការបានណែនាំឲ្យបន្តការចុះជាប្រចាំក្នុងការ បង្ការទប់ស្កាត់បង្រ្កាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ឲ្យដូចភ្លៀងរលឹម និងជាពិសេសអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
ប្រភពដដែលបានឲ្យដឹងទៀតថាករណីនេះលោកវរសេនីយ៍ឯក យុគ​ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញចោលដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ០៥ទីតាំង អាងស្តុកទឹកចំនួន០៣អាង នៅចំណុចដុបភ្នំទទឹងស្ថិតក្នុងភូមិសាស្ត្រ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ដែលមានផ្ទៃដីដាំដុះប្រមាណ ៩៨៤ម៉ែត្រការ៉េ។
ជាមួយនេះដែរកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើដើម្បីឃាត់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ខណ:ដែលកន្លងមកគណ:បញ្ជាការឯកភាពស្រុក ធ្លាប់ផ្សព្វផ្សាយពីបទល្មើសខុសច្បាប់ក្នុងការដាំកញ្ឆាច្រើនដងមកហើយ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print