ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងបុរស២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកម៉ូតូសណ្ដោងរឺម៉កដឹកអេតចាយ នៅគ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាល។ ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៣.៨៤ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍នានាពីកន្លែងកើតហេតុ មុនដំបូងគេបុរស២នាក់ធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿងម៉ាក HONDABEAT ពណ៌-ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1K 6247 ក្នុងទិសដៅលិចឆ្ពោះទៅទិសខាងកើតក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ បានជ្រុលបុកម៉ូតូម៉ាក WAVE អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្ដោងរុឺម៉កដឹកអេតចាយពេញទំហឹង បណ្ដាលភាគីបើកបរម៉ូតូស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួស ចំណែកម៉ូតូសណ្ដោងរុឺម៉កដឹកអេតចាយប៉ើងចូលស្នាមភ្លោះ បណ្ដាលឲ្យរងរបួសស្រាលអ្នកបើកបរផងដែរ(គេចបាត់) ។
សេចក្តីរាយការណ៍ជុំវិញកន្លែងដដែលបន្តទៀតថា ភាគីរងគ្រោះ(ស្លាប់)ជាអ្នកបើកម៉ូតូឈ្មោះ លន់ សុខឡេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើររងរបួស(ធ្ងន់)ឈ្មោះ ស សុភាព ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ប្រភពរាយការណ៍បញ្ជាក់ទៀតថា ក្រោយកើតហេតុសមត្ថកិច្ចនគរបាល រថយន្តសង្រ្គោះរបស់ក្រុមគ្រូរពេទ្យ ចុះមកដល់ភ្លាមៗផងដែរដើម្បីជួយអន្តរាគម តាមជំនាញ និងបច្ចេកទេស ដើម្បីរង់ចាំបន្តនីតិវិធី ៕ ដោយៈ បុឹម ពិន