ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ សម្ដេចពិជ័យសេនាបានថ្លែងលើកឡើងថា បើទោះជាយ៉ាងនេះក្តី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ដើម្បីរួមគ្នាលុបបំបាត់ការចម្លងជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៥,៧១% បើធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន៨៤,៩៨% បើធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបន្តថា សូមកោតសរសើរបងប្អូនកងទ័ពទាំងអស់ដែលបានចូលរួមអស់កម្លាំងកាយចិត្តក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងបេសកកម្មចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋយើង។ សូមបងប្អូនបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍យើងពីជំងឺដ៏កាចសាហាវនេះ។
រហូតមកដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន៤៦១នាក់ (ឆ្លងសហគមន៍: ៣១៥នាក់, នាំចូល: ១៤៦នាក់) និងមានជាសះស្បេីយ ៤១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីនដល់៩៥.៣០០ នាក់ និងចំនួនអ្នកជាសះស្បេីយសរុបកេីនឡើងដល់៩០.៦៨៤នាក់ និងស្លាប់ថ្មី៧នាក់ សរុបស្លាប់ ១.៩៥៧នាក់ ។ សូមបន្តអនុវត្តន៍: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ
ករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន២.១៤០.០៩៨ស្មេីនឹង១២៦.៦៣៣ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕