ខេត្តបាត់ដំបង៖ ក្រុមក្មេងស្ទាវ២ក្រុមបានបើកការប្រយុទ្ធគ្នាយ៉ាងសាហាវ នេះបេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ។
ករណីខាងលើនេះបានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ថា មានករណីក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយកាំបិត ដុំថ្ម ដំបង បានប៉ះប្រយុទ្ធគ្នាយ៉ាងឃោរឃៅ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី០៥ កញ្ញា នៅម្ដុំការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុងតំបន់ផ្សារទំនើប«ភូពុយ»ក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង បណ្ដាលឱ្យភាគីម្ខាងស្លាប់ម្នាក់។
សមត្ថកិច្ចបាន បន្តថា ជាក់ស្ដែងនៅកន្លែងកើតហេតុ ភាគីម្ខាងមានបក្ខពួកចំនួន០៣នាក់ ដែលគេស្គាល់០២នាក់ គឺឈ្មោះ សែន វីរ: អាយុ១៩ឆ្នាំ (កម្មករសំណង់នៅចំណុចកើតហេតុ) និង២-ឈ្មោះអា ថា (របួស) រីឯម្នាក់ទៀតគេមិនទាន់ស្គាល់ននៅឡើយទេហើយក្រុមនេះបាន ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌សមួយគ្រឿង។
ដោយឡែក ភាគីម្ខាងទៀតមានគ្នា០៧នាក់ជិះម៉ូតូ០៣គ្រឿង ដែលសមត្ថកិច្ចទើបសស្គាល់អត្តសញ្ញាណ៣នាក់ គឺឈ្មោះ ឆិល ឡងឌី អាយុ១៨ឆ្នាំ ឈ្មោះ វី ចិន្តា អាយុ១៦ឆ្នាំ និង ឈ្មោះ វិសាល អាយុ១៧ឆ្នាំ (ស្លាប់) រីឯបក្ខពួក០៣នាក់ មិនទាន់ស្គាល់ឈ្មោះទេ។
សូមបញ្ជាក់ថាជុំវិញសង្គ្រាមរវាងក្មេងអន្ធពាលទាំង០២ក្រុមនេះ បើតាមប្រភពនៅកន្លែងកើតហេតុ គឺសាក្សីនៃភាគីទាំង០២ បានទាញហេតុផលផ្ទុយគ្នា ដែលផ្ដើមឲ្យមានអំពើហិង្សានេះ។ ដោយឡែកភាគីខាង០៣នាក់ អះអាងថា ពួកខ្លួនត្រូវភាគីខាង០៧នាក់ ជិះម៉ូតូមកកាប់ប្រហារដល់ការដ្ឋានសំណង់ដែលពួកខ្លួនស្នាក់នៅ រីឯភាគី០៧នាក់ មាន០២នាក់បានបញ្ជាក់ផ្ទាល់មាត់ថា ពួកខ្លួនបាននាំគ្នាជិះម៉ូតូទៅទិញបារីជក់ ដោយឆ្លងកាត់ចំណុចកើតហេតុ ស្រាប់តែត្រូវក្រុម០៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌សខាងលើនេះ ដែលរង់ចាំជាស្រេចស្ទាក់កាប់តែម្ដង ដែលពួកខ្លួនមិនដែលស្គាល់ ហើយក៏មិនធ្លាប់មានគំនុំជាមួយគ្នាដែរ។
ខាងភាគី៧នាក់បានបញ្ជាក់ថា ក្រុម០៣នាក់នោះ មានកាំបិតវែងៗ ដេញកាប់ពួកខ្លួន បណ្ដាលឲ្យត្រូវបក្ខពួកខ្លួនម្នាក់ឈ្មោះ វិសាល បណ្ដាលឲ្យរបួសជាច្រើនកន្លែងរហូតដល់ស្លាប់។
ជុំវិញករណីនេះ បើតាមសមត្ថកិច្ចថា ក្រោយពីធ្វើការស្រាវបឋមនៅព្រឹកថ្ងៃទី០៦ កញ្ញា កម្លាំងគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្ត និងកម្លាំងជំនាញអធិការក្រុងបាត់ដំបង បានសហការ តាមនាំខ្លួនជនពាក់ព័ន្ធបានចំនួន០៣នាក់ ដែលជាភាគី០៣នាក់ជិះម៉ូតូពណ៌ស ដែលមានបក្ខពួកម្នាក់រងរបួសក្បាល ដើម្បីយកទៅសាកសួរ ។យោងតាមការស្រាវជ្រាវជំហ៊ានដំបូង រឿងរ៉ាវដែលនាំឱ្យក្រុមជនអន្ធពាលប៉ះប្រយុទ្ធគ្នារហូតមានស្លាប់ និងមានរបួសនេះ គឺផ្ដើមចេញពីរឿងបង្ហោះម៉ូតូបង្អួតគ្នា។ ភាគីខាង០៧នាក់ បានបង្ហោះម៉ូតូបង្អួតភាគី០៣នាក់ ហើយស្រែកឌឺដងដាក់គ្នា ក៏ផ្ទុះជាសង្គ្រាមពាក្យសំដី ទើបភាគី០៣នាក់ដកដាវដេញកាប់ប្រហារយ៉ាងឃោរឃៅទៅលើភាគី០៧នាក់មុន បណ្ដាលឲ្យស្លាប់ម្នាក់ រីឯភាគី០៣នាក់ មានម្នាក់របួស។ ប៉ុន្តែយ៉ាងណាសមត្ថកិច្ចកំពុងបន្តនីតិវិធីលើសំណុំរឿងនេះហើយ ខណ:ភាគី០៣នាក់កំពុងស្ថិតក្នុងដៃសមត្ថកិច្ច ។
បើតាមសម្តីអ្នកស្រុកបានលើកឡើងថាគ្រាន់តែរឿងប៉ុណ្ណឹងសោះមិនគួរឈានដល់កាប់សម្លាប់គ្នាបែបនេះឡើយ៕
ដោយ៖ អរុណរះ