កាលពីចុងសប្តាហ៍កន្លងមក សិស្សសាលានៅទីក្រុងវូហានចំនួន ១,៤លាននាក់បានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ។ សិស្សទាំងអស់ត្រូវតែពាក់ម៉ាក់ជាចាំបាច់ពេលទៅសាលា ទាំងនៅក្នុងថ្នាក់រៀនផងដែរ។
ទីក្រុងវូហានប្រទេសចិនគឺជាតំបន់មានករណីឆ្លងកូវីដ-១៩ដំបូងគេបង្អស់នៅលើពិភពលោកកាលពីចុងឆ្នាំ២០១៩ ។ កាលពីចុងសប្តាហ៍កន្លងមក មានសិស្សដល់ទៅ ១,៤លាននាក់ ក្នុងទីក្រុង នេះបានវិលត្រឡប់ចូលសិក្សាវិញហើយ។ មន្ត្រីអបរំបានអំពាវនាវដល់អាណាព្យាបាលនាំកូនទៅសាលាដោយខ្លួនឯង ជាជាងជិះរថយន្តក្រុង ឬរថភ្លើង។
បច្ចុប្បន្នចិនបានគ្រប់គ្រងការឆ្លងកូវីដ-១៩បំប្លែងថ្មី(ដែលតា)បានយ៉ាងល្អបំផុត ដោយសារតែការរកឃើញទាន់ពេលវេលា ហើយធ្វើតេស្តជាទ្រង់ទ្រាយធំនៅក្នុងទីក្រុង។ ជាមួយគ្នានេះដែររដ្ឋាភិបាលបានបង្កើនការចាក់វ៉ាក់សាំងបំពេញបន្ថែម ដល់កម្លាំងជួរមុខប្រឆាំងកូវីដ-១៩។
ក្រៅពីប្រទេសចិន ក៏មានប្រទេសជាច្រើនផ្សេងទៀតបានបើកសាលារៀនឡើងវិញផងដែរ ដោយសម្រេចរស់នៅជាមួយកូវីដ-១៩ ខណៈមិនអាចកែស្ថានភាពទាំងស្រុងមិនឱ្យមានកូវីដ-១៩ដូចកាលពីមុននោះឡើយ។
កាលពីថ្ងៃទី១ ខែកញ្ញា អុីស្រាអែល បានសម្រេចឲ្យសិស្សវិលត្រឡប់ចូលសិក្សាវិញ បើទោះបីមានករណីឆ្លងជាង១ម៉ឺននាក់ក្នុងមួយថ្ងៃក្តី ៕ដោយ៖ធី រីណា
គ្រូបង្រៀនរៀបចំសៀវភៅសិក្សាថ្មីសម្រាប់សិស្សនៅសាលាមួយក្នុងទីក្រុងវូហាន រូបថត៖ Chinanews