ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកលក់ខ្យងបានរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់ពីពួកគេប្រទះឃើញសពស្ត្រីម្នាក់ដេកស្លាប់នៅមាត់ច្រាំងព្រែកទន្លេវ៉ៃគោ ដែលគេសង្ស័យ ថាស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍ប្រទះឃើញសពនេះគឺកាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតស្ពានហាយវ៉េចម្ងាយប្រមាណ១០០ម៉ែត្រស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។
លោក កែន រិទ្ធី អធិការនគបាលក្រុងស្វាយរៀងបានឱ្យដឹងថា នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅវេលាម៉ោងប្រមាណ២ទៅ៣រំលងអធ្រាត្រឈានចូលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១ ហើយទំនងជាជនរងគ្រោះដើរនៅលើផ្លូវរថយន្តពេលមេឃងងឹតមានភ្លៀងធ្លាក់ផង និងខណ:ដែលជនរងគ្រោះស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយល្បឿនរថយន្តបើកបរលឿនផង ក៏បុកស្ត្រីរងគ្រោះពីក្រោយប៉ើងប្រមាណ២០ម៉ែត្រធ្លាក់ចូលទៅច្រាំងព្រែកទន្លេវ៉ៃគោ របួសបែកក្បាលស្លាប់តែម្តង។
ចំណែករថយន្តបង្កបើកបរពីទិសខាងលិចឆ្ឆ្ពោះទៅទិសខាងកើត ក្រោយពីបុកស្ត្រីរងគ្រោះហើយ ក៏បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលបន្សល់ទុកនូវចង្កៀងរថយន្តខាងស្តាំ និងកម្ទេចកម្ទីកញ្ចក់ចង្កៀងរថយន្តនៅនឹងកន្លែងកើតហេតុ ជាមួយនឹងសាកសពស្ត្រីរងគ្រោះ។
សមត្ថកិច្ចក៏បានប្រកាសដល់ប្រជាពលរដ្ឋដែលមានបាត់សមាជិកគ្រួសារដែលជាស្ត្រីអនាថាមានអាយុប្រមាណជា៤០ឆ្នាំនេះ សូមមកទាក់ទងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ពោធិតាហោ ព្រោះពេលនេះសពតម្កល់នៅវត្តពោធិតាហោ៕
ដោយ៖ យឹម សុថាន