ភ្នំពេញ៖ កំណាត់ផ្លូវ២ខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថីឈ្នះ= ឈ្នះ ស្ថិតក្នុងសង្កាត់បាក់ខែងនិងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងពន្លឿនការងារ ស្ថាបនាយ៉ាងមមាញឹក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ ២០២៣ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
ដើម្បីជំរុញការងារនៃការស្ថាបនាផ្លូូវឱ្យបានលឿននោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាទៅលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ ប៉ះពាល់នឹងគម្រោងនៃការស្ថាបនាផ្លូវទាំងពីរខ្សែនេះ។
លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញនិងជាប្រធានគណៈកម្មការដឹកនាំការស្ថាបនាផ្លូវទាំង២ខ្សែនេះ បានជំរុញឱ្យអនុគណៈកម្មការបច្ចេកទេសដែលដឹកនាំដោយលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី និងលោកមាន ចាន់យ៉ាដា ដែលជាអនុគណៈកម្មការដោះស្រាយផល
ប៉ះពាល់ ត្រូវអនុវត្តការងារនេះឲ្យបានលឿននិងទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារនៃការស្ថាបនាផ្លូវអនុវត្តការងារឲ្យបានលឿន មិនមានការរាំងស្ទះ ។ ចំពោះផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថីឈ្នះ=ឈ្នះ ស្ថិតនៅក្នុងសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក្នុង១ខ្សែៗមានប្រវែងជិត១០គីឡូម៉ែត្រដែលមានទទឺង១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង ។ ក្រៅពីការស្ថាបនាផ្លូវនេះយើងក៏ដាក់បណ្តាញលូនៅសងខាងផ្លូវទំហំជាង១ម៉ែត្រ ហើយខ្សែផ្លូវខ្លះយើងដាក់លូជាអក្សរអ៊ុយ(U)នៅកណ្តាលទ្រូងផ្លូវតែម្តង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖ ប្រទេសកម្ពុជាបាននិងកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ខាងមុខ ។ នៅពេលនេះកម្ពុជាកំពុងត្រៀមទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគុណភាពកីឡាករផងដែរ ខណៈ ពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ពហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាងនោះ។ ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជាមិនត្រឹមជាមុខមាត់ខ្មែរប៉ណ្ណោះទេ តែវាជាឱកាសកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ៕. ដោយ សំរិត