ខេត្តសៀមរាប៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានអំពាវនាវ ប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី១២ ឆ្នាំដល់អាយុ ១៧ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១(ស៊ីណូវ៉ាក់)រួចហើយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅខេត្តសៀមរាប ត្រូវទៅទទួលការចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ។
យោងសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូស លើកទី២ របស់ខេត្តសៀមរាប សម្រាប់កុមារអាយុ១២ឆ្នាំទៅក្រោម១៨ឆ្នាំ បានបង្ហាញថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
ការចាក់ដូសទី២នេះ មានរយ:ពេលត្រូវចាក់វ៉ាក់សាំងចន្លោះពី១៥ថ្ងៃ ទៅ២៨ថ្ងៃ មិនអោយហួស ពី ២៨ថ្ងៃក្រោយចាក់ដូសទី១ឡើយ។ ការចាក់នេះ ធ្វើឡើង នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលប្រជាពលរដ្ឋធ្លាប់បាននាំកូនទៅចាក់កាលពីដូស ទី១ កន្លងមក ។ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩នេះ ចាប់ផ្តើមពីម៉ោង៨:០០នាទីព្រឹកដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងម៉ោង ១៤:០០ នាទីរសៀល ដល់ម៉ោង១៦:៣០នាទី ដោយមិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យនោះឡើយ។
សេចក្ដីជូនដំណឹងបានបន្ដថា កុមារ និងយុវវ័យ ត្រូវយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ មកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការចាក់ជូន។ ករណីមកយឺតលើសពី២៨ថ្ងៃ បន្ទាប់ពីចាក់លើកទី១ នឹងមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ បានទេ។
លិខិតបានបញ្ជាក់ថា ប្រសិនបើមិនបានចាក់ដួសទី២ទេ នោះនឹងមិនមានអង្គបដិបក្ខប្រាណ(Antibxxy) ដើម្បីទប់ទល់ជាមួយវីរុសកូវីដ-១៩ ឡើយ។ប៉ុន្ដែយ៉ាង នេះក្ដីលិខិតជូន ដំណឹង ក៏បានបន្ថែមថា ទោះបីចាក់វ៉ាក់សាំងដូសទី២ រួចហើយក៏ដោយ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាលដដែលគឺ ៣ការពារ និង៣កុំ៕
ដោយ៖ សូរិយា