លើកគម្រោងរៀបការច្រើនដងហើយ ឥឡូវកែវ ពេជ្រពិសី ពពោះតំណក់ឈាមកូនដំបូងបាត់!

ចែករំលែក៖

ភ្នំពេញ៖ កែវ ពេជ្រពិសីបានរស់ក្នុងឈ្មោះជាស្ត្រីមេម៉ាយអស់រយៈពេលជាច្រើនឆ្នាំហើយក្រោយពីបានបែកបាក់ចំណងស្នេហាជាមួយអាណិកជនខ្មែររស់នៅប្រទេសអូស្រា្ដលីកាលពីអំឡុងឆ្នាំ២០១០ ។ កាលពីឆ្នាំមុននេះនាងបានធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីការចាយពេលរស់ជាឈ្មោះស្ត្រីមេម៉ាយអស់មួយទសវត្សរ៍មក ប៉ុន្តែនាងបែរជាមកជំពប់ស្នេហ៍ជាមួយលោកពៅ សម្បត្តិ វ័យ៥០ឆ្នាំដែលជាអ្នកជំនួញខ្មែរមកពីប្រទេសកាណាដា ដែលនាងបានឲ្យដឹងថា លោកសម្បត្តិស្រលាញ់នាងនិងក្រុមគ្រួសារនាងដោយស្មោះត្រង់ ហើយពេលនេះពួកគេទទួលបានតំណក់ឈាមរួមគ្នាហើយក្រោយពីគម្រោងរៀបការបានរំសាយចោលនាពេលកន្លងទៅ។
តារាសម្តែងស្រីអ្នកនាង កែវ ពេជ្រពិសីបានពពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយស្វាមីដែលជាអាណិកជនរស់នៅប្រទេសកាណាដាបន្ទាប់ពីគម្រោងរៀបចំពិធីមង្គលការត្រូវបានរំសាយដោយសារជំងឺកូវីដ-១៩នោះ។ កូនក្នុងផ្ទៃរបស់នាងគឺជាកូនប្រុសដែលនាងនឹងសម្រាលនៅចុងខែកញ្ញា ឆ្នាំ២០២១នេះ។
គេចាំបានដែរថា តារាសម្តែង កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បត្តិ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ ពោលគឺជាប់តាំងពីអំឡុងខែឧសភាឆ្នាំ២០២០មកម្ល៉េះ។ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ នាងបានសម្រេចចិត្តរំសាយពិធីមង្គលការទោះបីនាងបានកក់ផ្នែកខ្លះរួចរាល់ហើយក៏ដោយ និងបានសម្រេចចិត្តចុះអេតាស៊ីវិលទទួលយកគ្នាជាប្តីប្រពន្ធពេញច្បាប់ ហើយពេលនេះនាងត្រៀមចាំមើលមុខកូនប្រុសជាលើកដំបូងនៅចុងខែនេះតែម្តង។ តាម ការបញ្ជាក់របស់នាង គឺកូននាងមានសុខភាពល្អជាធម្មតាទេ ហើយនាងបានសម្រេចចិត្តសម្រាលដោយការវះកាត់នៅក្នុងមន្ទីរពេទ្យឯកជនទំនើបមួយនៅរាជធានីភ្នំពេញ។នាងបានសម្តែងនូវក្តីរំភើបរកអ្វីមកប្រៀបផ្ទឹមមិនបានក្រោយពីទទួលបានតំណក់ឈាមមួយនេះ និងមានឈ្មោះជាម្តាយគេក្នុងពេលដ៏ខ្លីខាងមុខ។ នាងបានបញ្ជាក់ដែរថា នាងគ្រោងចេញទៅរស់នៅប្រទេសកាណាដា ឬក៏បន្តរស់នៅក្នុងទឹកដីកំណើតទៅតាមសភាពពិតជាក់ស្តែង ព្រោះនៅទីនេះនាងនិងស្វាមីក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ។ កន្លងទៅតារាស្រីរូបនេះធ្លាប់លើកឡើងដែរថា នាងសុំជីវិតរស់ក្នុងភាពសាមញ្ញមួយដែលមានស្វាមី និងកូនៗក្នុងនាមជាគ្រួសារតូចមួយគឺនាងពេញចិត្តណាស់ទៅហើយ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print