ខេត្តឧត្តរមានជ័យ, តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី នាំយកអង្ករ ចំនួន ១០តោន ចែកជូនគ្រួសារនគរបាលការពារព្រំដែនគោកលេខ៧០២ និង៩០៥
ដែលបានបំពេញការងារតាមបន្ទាត់ព្រំដែនខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ឲ្យ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និង៩០៥ នាំយកនូវអង្ករ ចំនួន ១០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ ចែកជូនដល់គ្រួសាររបស់កងកម្លាំងនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ សរុបចំនួន ២០០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករចំនួន ៥០គីឡូក្រាម ។
ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការវរសេនាតូចទាំង២ ក៏បានធ្វើការសំណេះសំណាល និងពាំនាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងលោកស្នងការនគរបាលខេត្ត ដល់ក្រុមគ្រួសាររបស់កងកម្លាំង និងសូមឲ្យបងប្អូនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ជាពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់សុខាភិបាល និង៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។
សូមក្រើនរំលឹកផងដែរ ! គឺកងកម្លាំងតាមព្រំដែនមេត្តាថែរក្សាសុខភាពអោយបានល្អ ស្របពេលក្នុង១សប្តាហ៍នេះ មានបាតុភូត ភ្លៀង ផ្គរ រន្ទះ ខ្យល់ ព្យុះ កន្ត្រាក់ ជាមួយនឹងជំនន់ទឹកភ្លៀងផងដែរ ដល់ ១១រាជធានី-ខេត្ត ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមុិញ ៕
ដោយ, សិលា