ភ្នំពេញ, នៅព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹង,ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជេីញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអនុព័ន្ធយោធាសហព័ន្ធរុស្សីដែលជិតបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាដែលទើបតែងតាំងថ្មី ដែលពិធីនេះបានប្រព្រឹតទៅនៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។
សូមបញ្ជាក់ថា, កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរនាវីឯក Ivan STADCHENKO អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីចាស់ និងលោកវរនាវីឯក Vitaly LUCHSHEV អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា។
ក្នុងឱកាសនោះ លោកវីរនាវីឯក Ivan STADCHENKO បានគួសបញ្ជាក់អំពីរយៈពេលបួនឆ្នាំនៃការបំពេញបេសកកម្មកាទូតនៅកម្ពុជា ដោយលោកមានការចាប់អារម្មណ៍ និងស្រឡាញ់ចំពោះវប្បធម៌ដ៏ល្អរបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រ ។
លើកិច្ចសហប្រតិបត្តិការវិស័យយោធា លោកវរនាវីឯក Ivan STADCHENKO បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧មក រុស្ស៊ីបានទទួលសិក្ខាកាមយោធាកម្ពុជាទៅធ្វើការសិក្សានៅប្រទេសរុស្ស៊ីបន្តបន្ទាប់ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំមកនេះត្រូវអាក់ខានដោយសារបញ្ហាប្រឈមជំងឺកូវីដ-១៩។
លោកវរនាវីឯក Ivan STADCHENKO ក៏បានស្នើដល់ឯកឧត្តមអគ្គមេបញ្ជាការ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសលើការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរ។
ក្នុងកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន
បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ កម្ពុជា និង រុស្ស៊ី មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៦៥ឆ្នាំមកហើយ ហើយក្នុងរយៈពេល៦៥ឆ្នាំនេះ រុស្ស៊ីបានបានជួយឧបត្ថម្ភដល់កម្ពុជាច្រើនទាំងគ្រឿងបំពាក់ សម្ភារៈបច្ចេកទេស ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស ។
បើតាមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ជំនួយរបស់រុស្ស៊ីមកកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលធនធានមនុស្សល្អៗ ហើយកំពុងបម្រើការងារនៅក្នុងជួររាជរាដ្ឋាភិបាលកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងនូវការជឿជាក់ថា ជាមួយប្រពៃណីទំនាក់ទំនងដ៏ល្អទាំងនេះ ប្រទេសទាំងពីរនឹងធានាបាននូវការអភិវឌ្ឍទ្វេភាគីបន្ថែមទៀត ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនរុស្ស៊ី និងកម្ពុជា និងរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពចំពោះអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ក្នុងការស្នើសុំឲ្យមានសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និង រុស្ស៊ី ដោយចាត់ទុកថានេះជាកិច្ចការដ៏សំខាន់មួយដល់ការបង្កើននូវទំនាក់ទំនងល្អ ក៏ដូចជាការបង្ហាញនូវបទពិសោធន៍ និងបង្កើនសមត្ថភាពរវាងកងទ័ពប្រទេសទាំងពីរផងដែរ៕
ដោយ, សិលា