ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលឃ្មួញបន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចម៉ូតូបានរយៈពេល២ម៉ោង។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ ប៊ួ កៅទៀង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនសង្ស័យមានឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិបាគួ ឃុំបាគួ ស្រុកកណ្តាលស្តឹង ខេត្តកណ្តាល។ ដោយឡែកបក្ខពួកម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណទេរត់គេចខ្លួនបាត់។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូ១គ្រឿងម៉ាកហុង សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CY-6615 ដោយទុកនៅមុខផ្ទះដោយចាក់សោ.កត្រឹមត្រូវ ក្រោយមកក៏មានក្រុមជនល្មើសមានគ្នា២នាក់បានជិះម៉ូតូ១គ្រឿងម៉ាក់ហុងដា សេ១២៥ពាក់ស្លាកលេខកំពត 1C-5057 ចូលមកអង្គុយលេងនៅមុខផ្ទះដោយកន្លែងនោះមានបន្ទាប់ជួលផង។ ហើយប្រពន្ធជនរងគ្រោះបានទៅងួតទឹកលុះពេលចេញមកវិញស្រាប់តែបាត់ម៉ូតូក៏ផ្អើលឆោឡោ និងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ហើយជនរងគ្រោះបាននាំគ្នាដើររក។ ក្រោយមកដោយសារតែជនរងគ្រោះមានបងប្អូនធ្លាប់ធ្វើសំណង់ជាមួយនិងជនសង្ស័យបានទូរស័ព្ទសួរជនសង្ស័យហើយបាននាំគ្នាមកផ្ទះដែលគេយកម៉ូតូទៅលាក់ទុកពេលមកដល់ក៏ឃើញម៉ូតូដែលវាលួចនោះក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនធ្វើសាកសួរនៅប៉ុស្តិ៍នគរបាលឃ្មួញ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលចាត់ការបន្ត៕
ដោយ៖ តុង សីហា