ភ្នំពេញ, លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើងថា, ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមការណែនាំរបស់ លោកអភិបាលរាជធានីភ្នំពេញ ហើយពិនិត្យឃើញស្ថានភាពការឆ្លងរាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញបានធូរស្រាល បូកបន្ថែមការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់បានគ្រប់ៗគ្នា រដ្ឋបាលខណ្ឌសែនសុខក្រោមការដឹកនាំដោយលោកជា អភិបាលខណ្ឌផ្ទាល់ បានដឹកនាំមន្រ្តីរាជការខណ្ឌ សង្កាត់ ភូមិ កងកម្លាំងចម្រុះ លោកគ្រូ អ្នកគ្រូចុះយុទ្ធនាការបោសលាងសម្អាត និងបាញ់ថ្មាំសម្លាប់មេរោគនៅទីតាំងសាលារៀន ដែលមានក្នុងសង្កាត់ទាំង០៦ ដើម្បីត្រៀមបើកដំណើរការចូលរៀនវិញនៅពេលខាងមុខឆាប់ៗនេះ ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានណែនាំទៅដល់គណៈគ្រប់គ្រងសាលាទាំងអស់ក្នុងមូលដ្ឋានខណ្ឌសែនសុខ ត្រូវណែនាំដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូត្រូវរក្សាការពារ ថែរក្សាអនាម័យអោយបានល្អ ដោយត្រូវមានអាកុល ជែល ឬសាប៊ូលាងដៃ និងពាក់ម៉ាសអោយបានគ្រប់គ្នា ជាពិសេសត្រូវបន្តអនុវត្តវិធានការ ៣ កុំ និង ៣ការពារ អោយបានត្រឹមត្រូវ និងទទួលបានប្រសិទ្ធភាពខ្ពស់ ៕
ដោយ, សិលា