មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សាធារណការ​ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្រ្តី ស៊ុន​ ចាន់ថុល​ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី នៅទីស្តីការក្រសួង​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមហឿន សំនៀង នាយកវិទ្យាស្ថាន លោក ងន សាំង ប្រធានក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សាស្រ្តាចារ្យ និងមន្រ្តីទាំងអស់នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផងដែរ។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ទៅកាន់អង្គពិធី លោកនាយកវិទ្យាស្ថាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី (RMA Cambodia Plc) ក្នុងទិសដៅពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់និស្សិតឱ្យបានកាន់តែទូលំទូលាយ ជាក់លាក់ និងរឹងមាំលើជំនាញ ចំណេះដឹង និងសីលធម៌ ស្របតាមតម្រូវការរបស់សង្គម។

លោកនាយកវិទ្យាស្ថាន​ បានជម្រាបជូនផងដែរថា៖ កន្លងមកវិទ្យាស្ថានតេជោ សែន បានចុះអនុស្សរណៈជាមួយបណ្តាដៃគូនានាក្នុងវិស័យពាក់ព័ន្ធក្នុងនោះរួមមាន៖វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលា Jhajaing ប្រទេសចិន និងនៅថ្ងៃខាងមុខវិទ្យាស្ថាននឹងចុះអនុស្សរណៈជាមួយសាលាភូមិន្ទរដ្ឋបាល សមាគមភស្តុភារកម្មកម្ពុជា ក្រុមហ៊ុន PPD សាកលវិទ្យាល័យ Chang An University ប្រទេសចិន ព្រមទាំងបណ្តាដៃគូផ្សេងៗទៀតក្នុងទិសដៅពង្រីកភាពជាដៃគូខាងក្រៅ ដើម្បីពង្រឹងខាងក្នុង។

បន្ថែមពីលើនេះ លោកនាយកវិទ្យាស្ថាន​ បានលើកឡើងថា៖ ការបណ្តុះបណ្តាលរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ផ្តោតលើគុណតម្លៃសំខាន់ចំនួនបីគឺ៖ ទី១. ជំនាញ ទី២. ចំណេះដឹង និងទី៣. សីលធម៌ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យមានជំនាញច្បាស់ លាស់ ចំណេះដឹងទូលំទូលាយ អាចធ្វើការជាមួយអ្នកដទៃប្រកបដោយសីលធម៌ គុណធម៌ អត្តចរិត ចរិយាសម្បត្តិ និងគុណតម្លៃត្រឹមត្រូវ ក្នុងឋាន:ជាអ្នកបន្តវេនប្រកបដោយសក្តានុពល និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាអនាគតកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដឹកជញ្ជូន។

ជាមួយគ្នានេះផងដែរ លោកស្រី​រដ្ឋលេខាធិការ បានចង្អុលបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ឯកឧត្ដម ទេសរដ្ឋមន្ដ្រីក្នុងការបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីបណ្តុះបណ្តាលកូនខ្មែរជំនាន់នេះ និងជំនាន់បន្តបន្ទាប់ ទៀតឱ្យមានសមត្ថភាពចេះសាងសង់ផ្លូវ ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ដោយខ្លួនឯង និងមានគុណភាពជូនជាតិមាតុភូមិនាពេលអនាគតដូចបុព្វបុរសយើងនាសម័យមុន ដែលមានសមត្ថភាពកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពជាប់បានរាប់រយពាន់ឆ្នាំ និងថែមទាំងល្បីល្បាញពាសពេញសាកលលោកទៀតផង។

លោកស្រី​រដ្ឋលេខាធិការ បានធ្វើការកត់សម្គាល់ថា៖ ការចុះអនុស្សរណៈយោគយល់នាពេលនេះគឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតរវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សលើជំនាញបច្ចេកទេស និងបានបន្ថែមថា៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងក្លាយជាក្រុមហ៊ុនឯកជនជាដៃគូសហការរបស់វិទ្យាស្ថានដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រី​រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ងន សាំង អគ្គនាយក និងជាតំណាងនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលបានចាប់អារម្មណ៍លើកិច្ចសហការជាមួយនឹងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនដើម្បីចូលរួមពង្រឹងគុណភាពអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេសដែលជាគុណប្រយោជន៍ដល់និស្សិតអាចផ្តល់ឱ្យនិសិ្សតទទួលបាននូវភាពប្រសើរឡើងក្នុងឱកាសការងារ ជំនាញ ចំណេះដឹង និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមកផងដែរ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី​រដ្ឋលេខាធិការ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីអភិវឌ្ឍការអប់រំ និងស្រាវជ្រាវលើជំនាញបច្ចេកទេសពាក់ព័ន្ធបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលកម្មវិធីនានារួមគ្នា ផ្លាស់ប្តូរ ប្រើប្រាស់ឧបករណ៍ គ្រឿងបរិក្ខា សម្ភារសំណង់ និងធនធានរួមគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតផងដែរ។

គួរកត់សម្គាល់ថា៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនមួយមានភាពល្បីល្បាញ និងមានការ ទទួលស្គាល់លើឆាកអន្តរជាតិ និងមានឯកទេសផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស ឧបករណ៍ធុនធ្ងន់ ក៏ដូចជាបានចូលរួមយ៉ាងសកម្មគាំទ្រដល់សកម្មភាពសង្គមទាំងឡាយផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print