ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំអោយទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះកើបកាយប្រមូលសម្រាម ចេញពីប្រឡាយដើម្បីអោយទឹកហូលឿន និងលើកទំនប់ទប់ទឹកបង្កាទុកជាមុនកុំអោយទឹកភ្លៀងជនលិចលំនៅដ្ឋានប្រជាពលរដ្ឋ ។
សកម្មភាពចុះពិនិត្យតាមតំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ បានធ្វើឡើងស្ទើជារៀងរាល់ថ្ងៃ ដោយលោកអភិបាលខណ្ឌ ចុះផ្ទាលនៅតាមសង្កាត់ ដែលប្រឈមនឹងជំនន់ទឹកភ្លៀងរួមមានសង្កាត់ព្រែកប្រា សង្កាត់និរោធ និងសង្កាត់វាលស្បូវ ។
ជាក់ស្តែងនៅថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២១ លោកអភិបាលខណ្ឌបានបន្ត ចុះពិនិត្យសកម្មភាពក្រុមការងារសង្កាត់ ព្រែកប្រា ចុះបូមទឹកចេញពីលូ និងកើបកាយយកកាកសំណល់ផ្សេងៗចេញពីលូ ដើម្បីរំដោះទឹកភ្លៀងដែលជនលិចតំបន់ផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង ។
សកម្មភាពបន្តទៀត លោកអភិបាលខណ្ឌបានចុះពិនិត្យក្រុមការងារសង្កាត់វាលស្បូវដែលកំពុងតែលើកទំនប់ព័ន្ធតំបន់ដែលប្រឈមនិងជំនន់ទឹកភ្លៀងក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ។ ការលើកទំនប់នេះបានធ្វើឡើង២-៣ថ្ងៃមកហើយ ដើម្បីបង្កាទុកជាមុនកុំអោយទឹកភ្លៀងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្រុមការ ងារ ជំនាញពាក់ព័ន្ធខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់លើការងារចុះពិនិត្យប្រព័ន្ធលូ ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរព្រោះរដូវវស្សាចូលមកដល់ហើយឥញ្ចឹងយើងត្រូវបង្កាទុកជាមុនកុំអោយជនលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌ ។ លើសពីនេះទៀតត្រូវចលនាអោយបានទូលំទូលាយ ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការ ទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ កុំយកមក បោះចោលតាមមាត់លូរ តាមប្រឡាយរំដោះទឹកឥញ្ចឹង គឺធ្វើអោយស្ទះដល់ចរន្តទឹកហូរ ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ ។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមប្រឡាយនិងតំបន់ជុំវិញ សូមទុកដាក់សំរាមអោយបានត្រឹមត្រូវ បញ្ចេញសំរាមតាមពេលវេលាកំណត់របស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការចោលសំរាមចូលក្នុងប្រឡាយដែលបណ្តាលអោយស្ទះចរន្តទឹក និងបង្កអោយមានបរិស្ថានមិនល្អក្នុងតំបន់ ៕
ដោយ៖ សណ្តោស