ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ទៅរកត្រីបាត់០១យប់លុះព្រឹកឡើងឃើញដេកស្លាប់នៅភ្លឺស្រែវាលចុងប៉ោយថ្ងាន់ដោយឆ្លងចរន្តអគ្គីសនី(អាគុយនិងអាំងវេទ័រ)បង្កភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៥០នាទីព្រឹកថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសាស្ត្រ ភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឈឿយ ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ។ នគរបាលមូលដ្ឋានបន្តថាៈនៅមុនពេលកើតហេតុ តាមការបំភ្លឺពីឈ្មោះចិ ឈឿយអាយុ៦៥ឆ្នាំ ត្រូវជាឪពុក រៀបរាប់ថា កូនប្រសាររបស់គាត់(ប្រពន្ធជនរងគ្រោះ) ប្រាប់ថាប្តីរបស់នាងទៅរកត្រីតាំងពីយប់ម៉ោង០៩ ថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២១ មកទល់ម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៨ខែកញ្ញា មិនទាន់ឃើញត្រឡប់មកផ្ទះវិញ ។ បន្ទាប់មកក៏នាំបងប្អូនដើររកក៏ប្រទះឃើញកូនរបស់គាត់ដេកស្លាប់ដោយអាគុយនៅជាប់នឹងស្មាខ្លួនធ្លាក់ទៅក្នុងទឹកក្បាលកើយភ្លឺស្រែ នៅវាលស្រែចុងប៉ោយថ្ងាន់ ចម្ងាយពីភូមិបឹងសិលា ២០០០ម៉ែត្រ ។
ប្រភពដដែលបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យសាកសព។តាមការសន្និដ្ឋានរបស់ក្រុមការងារបានឲ្យដឹងថាជនរងគ្រោះពិតជាស្លាប់ដោយឆ្លងចរន្តអគ្គីសនីចេញពីអាគុយមកអាំងវេទ័រខណៈពេលដើរឆក់ត្រីតាមប្រឡាយប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មឡើយ។សពបានប្រគល់ជូនក្រុមគ្រួសារយកទៅចាក់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណា