ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានពីសមត្ថកិច្ចតំបន់ព្រំដែនបានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរចំនួន ៤៨នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ ឋិតនៅក្នុងភូមិបួន ឃុំក្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។
ប្រជាពលរដ្ឋដែលឃាត់ខ្លួននេះ ក្នុងនោះមានបុរសចំនួន ១៨នាក់ ស្ត្រីចំនួន ២៣នាក់ រួមទាំងក្មេងចំនួន ៧នាក់ផងដែរ ដែលអ្នកទាំងអស់គ្នាបានលួចចូលទៅក្នុងទឹកដីថៃនៅពេលយប់អធ្រាត ក៏ត្រូវយោធាថៃក្នុងអង្គភាពកងរយលេខ ៥៤១ និង ៥៤៦ ឃាត់ខ្លួនបានតែម្តង ហើយបានប្រគល់មកឲ្យកម្លាំងការពារព្រំដែនខាងភាគីកម្ពុជាដើម្បីអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។
តាមប្រភពខាងលើបន្តថា តាមចម្លើយសារភាពរបស់ក្រុមពលករបានបង្ហើបដឹងថា ពួកគាត់នាំគ្នាឆ្លងដែនចូលទៅក្នុងទឹកដីថៃនេះគឺដើម្បីស្វែងរកការងារធ្វើ។ ពួកគាត់បានចំណាយលុយទៅឲ្យមេខ្យល់ចំនួន ៤០០០ពាន់បាត ស្មើជាង ៤០ម៉ឺនរៀលក្នុងម្នាក់ៗ ប៉ុន្តែការនាំផ្លូវនេះត្រឹមតែមាត់អូរព្រំដែនតែប៉ុណ្ណោះ រួចឆ្ពោះទៅស្រុកពោងណាំរ៉ន ក៏ដូចជាស្រុកសយដាវបន្តទៀតក្នុងគោលបំណងទៅស៊ីឈ្នួលបេះផ្លែមៀនឲ្យថៅកែជនជាតិថៃនៅទីនោះ តែមិនទាន់ទៅដល់ផងត្រូវទាហានថៃចាប់ខ្លួនបាត់ទៅហើយ៕
ដោយ÷ ស សារ៉េត