ខេត្តស្វាយរៀង៖ ដូនចាស់អាយុ ៧១ឆ្នាំគិតខ្លីចង-ក សម្លាប់ខ្លួននៅនឹងដើម ចំរៀកខាងជើងផ្ទះចម្ងាយ១០ម៉ែត្រ បណ្ដាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិដោយសារមានជំងឺប្រចាំកាយព្យាបាលមិនធូរស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិពោធិ៍រស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាលោកយាយ មានឈ្មោះ
សោម វត្ថា អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិឃុំកើតហេតុខាងលើ។
តាម ក្រុមគ្រួសារបានរៀបរាប់ឲ្យដឹងថាម្ដាយរបស់ខ្លួន មានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ខណ:ទៅព្យាបាលនៅមន្ទីរពេទ្យ និងបានផឹកថ្នាំសង្កូវ ដែរប៉ុន្តែនៅមិនបានធូរស្រាលសោះទើបសម្រេចចិត្តគិតខ្លីបែបនេះ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលស្រុកបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានចុះមកពិនិត្យសាកសពភ្លាមៗ បន្ទាប់ពីបានពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថាពិតជាស្លាប់ដោយសារចង-ក ពិតប្រាកដមែនដោយបានយកខ្សែគោចង-ក សម្លាប់ខ្លួននៅនឹងដើមចំរៀកខាងជើងផ្ទះចំងាយ១០ម៉ែត្របណ្ដាលឲ្យស្លាប់។
សាកសពបានធ្វើតេស្តរកកូវីដ១៩ ជាលទ្ធផលអវិជ្ជមាន ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ យឹម សុថាន