មនុស្សរាប់សិបនាក់រងរបួសរួមមានទាំងក្មេងជំទង់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយការបាញ់ប្រហារ នៅក្នុងទីក្រុង ST.Louis រដ្ឋ Illinois អាមេរិក ។
នៅថ្ងៃទី ៩ខែកញ្ញា សារព័ត៌មាន Fox News បានផ្សាយថា កម្លាំងប៉ូលិសទីក្រុង St. Louis បានបញ្ជាក់ថា មានពលរដ្ឋជាច្រើនត្រូវគ្រាប់កាំភ្លើង ក្នុងការបាញ់ប្រហារនាយប់ថ្ងៃទី ៨ខែកញ្ញា(ពេលវេលាអាមេរិក)។ ក្នុងចំណោមអ្នករងរបួសមានទាំងក្មេងជំទង់ផងដែរ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានមនុស្ស ១២នាក់រងរបួស។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅជិតក្រុមហ៊ុនវេចខ្ជប់សាច់ East Side ។
តាមសារព័ត៌មាន Fox News បានផ្សាយថា ជនដៃដល់ក្រោយការបាញ់ប្រហារ បានព្យាយាមបើករថយន្តឆ្លងផ្លូវដែក ដើម្បីគេចខ្លួន បើទោះបីរបាំងការពារបានដាក់ចុះក្តី ។ ប៉ុន្តែ រថយន្តដែលជនដៃដល់បើកគេចត្រូវរថយន្ត Metrolink បុកចំនៅជិតផ្លូវ Martin Luther King Drive និងផ្លូវលេខ៦ជិតទន្លេ Mississippi ។
នៅលើរថភ្លើងពេលនោះមានអ្នកដំណើរ ១០ ប៉ុន្តែមិនមានអ្នកដំណើរណាមួយរងរបួសនោះឡើយ។ នៅពេលនេះកម្លាំងប៉ូលិសឡោមព័ទ្ធទីតាំងខាងលើដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់។
តាមតួលេខរបស់ FBI បានឲ្យដឹងថា ទីក្រុង St Louis ត្រូវបានដាក់នៅក្នុងកំពូលតារាងពីករណីបាញ់ប្រហារសម្លាប់មនុស្សច្រើនជាងគេបង្អស់ក្នុងចំណោមទីក្រុងនៅអាមេរិក បើគិតតាមចំនួនមនុស្សដែលរស់នៅក្នុងក្រុង៕ធី រីណា
អ្នករងរបួសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ