ប្រធានាធិបតីហ្ស៊ីមបាវ៉េ លោករ៉ូប៊ែរ មូហ្កាបេ មានភាពល្បីល្បាញថា ជាមេ ដឹកនាំផ្ដាច់ការក្រាញអំណាចពេលនេះ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេស ជប៉ុន ហើយត្រូវបាននាយករដ្ឋមន្ដ្រីជប៉ុន ទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត។ ទំនាក់ ទំនងដ៏ស្អិតល្មួតជាមួយនឹងលោករ៉ូប៊ែរ មូហ្កាបេនេះ កើតមានឡើងនៅក្នុង បរិបទនៃការប្រជែងគ្នារវាងជប៉ុននឹង ចិនដើម្បីបង្កើនឥទ្ធិពលរៀងៗខ្លួននៅក្នុងតំបន់អាហ្វ្រិក ។
ប្រទេសលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិកនិងប្រទេសនៅអឺរ៉ុប លោករ៉ូប៊ែរ មូហ្កាបេ គឺជាមេដឹកនាំ ផ្ដាច់ការដែលមិនគួរនឹងរាប់រក ហើយ ហ្ស៊ីមបាវ៉េ ក៏កំពុងតែទទួលរងនូវទណ្ឌកម្ម យ៉ាងច្រើនផងដែរ ដោយសារតែទទួលការ ចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស។ ក៏ប៉ុន្ដែជប៉ុនវិញដែលជាសម្ពន្ធមិត្ដ ដ៏ជិតស្និទ្ធរបស់អាមេរិកដែរនោះមាន ជំហរផ្ទុយស្រឡះពីនេះ។ គិតចាប់តាំងពី បានឡើងកាន់អំណាចនៅហ្ស៊ីមបាវ៉េកាល ពីឆ្នាំ១៩៨០មកលោករ៉ូប៊ែរ មូហ្គាបេ បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនចំនួន៣លើករួចមក ហើយ។ ដំណើរទស្សនកិច្ចនៅពេលនេះ គឺជាលើកទី៤។ ជំនួបទ្វេភាគីរវាងលោក រ៉ូប៊ែរ មូហ្គាបេ នឹងលោកស៊ីនហ្សូ អាបេ ក៏ធ្លាប់កើតមានដល់ទៅ៣លើកផងដែរ។ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោកស៊ីនហ្សូ អាបេ បានចាត់ទុក លោករ៉ូប៊ែរ មូហ្គាបេ ថា ជាមេដឹកនាំ ចាស់ទុំម្នាក់នៅអាហ្វ្រិក ហើយថាលោក មានបំណងចង់សហការជាមួយនឹងលោក ប្រធានាធិបតីហ្ស៊ីមបាវ៉េដើម្បីជំរុញការធ្វើ កំណែទម្រង់ក្រុមប្រឹក្សាសន្ដិសុខអ.ស.ប. ដែលជប៉ុនទាមទារចង់បានអាសនៈជា សមាជិកអចិន្ដ្រៃយ៍ដូចជាប្រទេសចិន ដែលជាគូប្រជែង។ លោក រ៉ូប៊ែរ មូហ្គា បេ ក៏ធ្លាប់ត្រូវបានលោកប្រធានាធិបតី ចិន ស៊ី ជីនពីង ទទួលស្វាគមន៍យ៉ាងកក់ ក្ដៅផងដែរ នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិនកាលពីឆ្នាំ២០១៤ កន្លងទៅនេះ ហើយនៅខែសីហាខាងមុខ នេះជប៉ុននឹងបើកធ្វើសន្និសីទអន្ដរជាតិ ខ្នាតធំមួយស្ដីពីការអភិវឌ្ឍនៅអាហ្វ្រិក ។
ចាប់តាំងពីពេលដែលលោកស៊ីនហ្សូ អាបេ ឡើងកាន់អំណាចជប៉ុនបានខិត ខំស្វះស្វែងយ៉ាងខ្លាំងក្នុងការប្រជែងជា មួយចិនដើម្បីបង្កើនឥទ្ធិពលនៅអាហ្វ្រិកដែលជាតំបន់សម្បូរទៅដោយធនធាន ធម្មជាតិព្រមទាំងមានកំណើនសេដ្ឋកិច្ចខ្ពស់អាចជាទីផ្សារប្រកបដោយសក្ដានុ ពលទៅថ្ងៃអនាគត៕
ម៉ែវ សាធី