បន្ទាយមានជ័យ : នៅរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យពីរនាក់ករណីលួចម៉ូតូទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី។
គួររំលឹកឡើងថានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣៩នាទី កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យ២នាក់
១.ឈ្មោះ ប លីណា ហៅ សី ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត
២.ឈ្មោះ ពេជ្រ សីហា ហៅ ឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សាយ សំអាត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៧ គ្មានផ្លាកលេខ ក្នុងខណៈពេលជនរងគ្រោះចត់ទុកមុខតូបលក់ដូរដោយភ្លេចដកកូនសោ កាលពីវេលាម៉ោងជាង១២រំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ។
ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រកបរបរដើររើសអេតចាយជារៀងរាល់យប់ ហើយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ពួកគេបានដើររើសអេតចាយរហូតដល់ម៉ោងជាង១២យប់ ស្រាប់តែឃើញម៉ូតូ១គ្រឿងដូចមានភិនភាគក្នុងពាក្យបណ្ដឹងខាងលើចតទុកចោលនៅមុខតូបលក់ដូរ ហើយមានទាំងកូនសោរនៅជាប់នឹងម៉ូតូទៀតផង ពេលនោះពួកគេក៏នាំគ្នាលួចយកម៉ូតូនោះតែម្ដង ហើយជិះយកទៅដាក់បញ្ចាំឱ្យសន្តិសុខម្នាក់មិនស្គាល់ឈ្មោះ ធ្វើការនៅកាស៊ីណូនាគទិព្ធ បានលុយថៃចំនួន ១៥,០០០បាត(មួយម៉ឺនប្រាំពាន់បាត) ហើយនាំគ្នាយកលុយនោះដើរស៊ីចាយអស់ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ៕ ដោយ ស សម