ខេត្តំកពង់ចាម ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ពីកម្រិតអនុវិទ្យាល័យឡើងនឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ ហើយការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនេះ ត្រូវបំពេញវិធានអនាម័យរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បានថ្លែងយ៉ាងដូច្នោះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងឱកាសដែលលោក ដឹកនាំប្រជុំវាយតម្លៃ ការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងការវាយតម្លៃការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១២ឆ្នាំឡើង ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យឡើង និងពុទ្ធិកសិក្សានឹងបើកដំណើរការឱ្យចូលរៀនចាប់ពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ គ្រោងនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។ ទន្ទឹមនឹងការបើកឱ្យដំណើរការគ្រឹះស្ថានសាធារណៈ និងឯកជនកម្រិតអនុវិទ្យាល័យ និងពុទ្ធិកសិក្សា ត្រូវបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសំដៅធ្វើយ៉ាងណាអាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានគិតគូវពីការវាយតម្លៃក្នុងការបើកគ្រឹះសា្ថនសិក្សាកម្រិតបឋមឡើងវិញផងដែរនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ប្រសិនបើការដំណើរការកម្រិតអនុវិទ្យាល័យឡើងមិនមានបញ្ហាប្រឈមកើតឡើង។
លោក អភិបាលខេត្ត ក៏បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបរិស្ថានសាលា ពិសេសសាលារៀនដែលធ្លាប់បានយកមកធ្វើជាមណ្ឌលចត្តាឡីស័ក ត្រូវបាញ់ថ្នាំសម្រាប់មេរោគ ដើម្បីធានាបានសុវត្ថិភាពជូនសិស្សានុសិស្ស។ ប្រធានគ្រឹះសា្ថនសិក្សា ត្រូវគិតគូខ្ពស់ពីអនាម័យបរិសា្ថននៅក្នុងសាលារៀន ការបង្រៀន និងរៀនរបស់សិស្សានុសិស្ស ដោយត្រូវធ្វើការបែងចែកវេនសិក្សារបស់សិស្សានុសិស្សឱ្យស្របតាមការគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលក៏ត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំការឆ្លើយតបបន្ទាន់ក្នុងករណីមានការសង្ស័យ និងរកឃើញសញ្ញាណណាមួយនៃការចម្លងក្នុងសាលារៀន។
ស្របពេលដែលការដាក់ឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណ និងឯកជនឡើងវិញ រដ្ឋបាលខេត្តកំពង់ចាម ក៏គ្រោងនឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងក្នុងខេត្តកំពង់ចាម ដោយរៀបចំបង្កើតជាទីតាំងអចិន្ត្រៃយ៍សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែកទាំង ០៩ទីតាំងក្នុងខេត្តកំពង់ចាម និងរំសាយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យចូលបម្រើការងារនៅតាមអង្គភាពដើមវិញ ៕ ដោយ វណ្ណា