ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និង លោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងការជួយប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ=ឈ្នះ។
លោក អ៊ុំ រាត្រី អភិបាល នៃគណៈខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះគឺជន់ហូរមកពីតំបន់ខាងលើ ហើយលោកបានដាស់តឿនដល់សមត្ថកិច្ច និងកងកម្លាំងទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ទោះបីទឹកនេះជាជំនន់រយៈពេលខ្លីយ៉ាងណាក៏ដោយ ពិសេសគឺការជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឱ្យទាន់ពេលវេលា។
លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារប្រចាំការដឹកនាំតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ=ឈ្នះ បានថ្លែងអំណរគុណចំពោះលោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត, លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះ=ឈ្នះ, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥, លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន, លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត, មន្ទីរធនធានទឹកខេត្ត, ក្រុមការងារអន្តរវិស័យសាលាខេត្ត, លោកឧត្តមសេនីយ៍ សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, គណៈបញ្ជាការឯកភាពស្រុកម៉ាឡៃ និងកងកម្លាំងរួមមាន កម្លាំងអធិការដ្ឋានស្រុកម៉ាឡៃ, កម្លាំងយោធភូមិភាគទី៥, កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ, កម្លាំងវរៈការពារព្រំដែនគោក៨១៥, កម្លាំងសឹករងស្រុកម៉ាឡៃ ព្រមទាំងកម្លាំងប្រជាការពារ និងក្រុមការងារប្រចាំការក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ=ឈ្នះ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងប្រតិបត្តិការសង់រោងស្នាក់បណ្តោះអាសន្នលើទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ សកម្មភាពល្បាតត្រួតពិនិត្យគ្រប់គ្រងស្ថានភាពទឹកជំនន់ពេញមួយយប់ទល់ភ្លឺ សកម្មភាពរំដោះទឹកជំនន់ចេញពីតំបន់អភិវឌ្ឍន៍ និងការជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា និងមានសុវត្ថិភាព។
ជាលទ្ធផល លោកប៉ាន់ខែម ប៊ុនថន បានបន្ថែមទៀតថា គិតមកដល់ព្រឹកនេះ គឺយើងអាចគ្រប់គ្រងស្ថានការណ៍ទឹកជំនន់នេះបានទាំងស្រុង ហើយគ្មានប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះថ្នាក់ដោយសារគ្រោះទឹកជំនន់នេះឡើយ។ ដោយឡែកទោះបីជាជួយគ្រោះទឹកជំនន់រយៈពេលខ្លីនេះក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋលោកមិនសូវបារម្ភនោះឡើយ គឺពួកគាត់បានសម្តែងនូវអារម្មណ៍កក់ក្តៅក្រៃលែងដោយបានឃើញក្រុមការងារចុះមកជួយយ៉ាងសស្រាក់សស្រាំនិងទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់នៅរងាឡើយ៕ដោយ ស សម