ហង្សក្រហម Liverpool បំបាក់ Leeds United ឡើងប្រជែងជាមួយ Chelsea និង Man Utd

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៣ទល់០ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៤ កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ហើយការប្រកួតនេះក្រុមហង្សក្រហមបានបង្ហាញទម្រង់លេងដែលគ្រូបង្វឹកចង់ឃើញនៅក្នុងជ័យជម្នះមួយនេះ។

បើនិយាយពីលទ្ធផលវិញ ក្រុមរបស់លោក Jurgen Klopp បានបង្កើតភាពវិជ្ជមានយ៉ាងខ្លាំងក្នុងរដូវកាល Premier League ជាមួយនឹងជ័យជម្នះ៣លើក និងស្មើមួយ ប៉ុន្តែជារបៀបដែលពួកគេកំពុងលេងដែលជាសញ្ញាលើកទឹកចិត្តបំផុតសម្រាប់គ្រូបង្វឹករូបនេះ ហើយនេះគឺជាការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតដែលទទួលបានពិន្ទុប្រជែងជាមួយក្រុមខ្លាំងទាំង២ គឺតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United

របួសកជើងធ្ងន់ធ្ងររបស់កីឡាករ Harvey Elliott របស់ក្រុមហង្សក្រហមបានធ្វើឱ្យមានលទ្ធផលទទួលបាន៣គ្រាប់ នៅពេលដែលអាជ្ញាកណ្តាលសម្រេចផ្តល់កាតក្រហមទៅកីឡាករ Struijk របស់ក្រុម Leeds Unitedនៅនាទីទី៦០ ក្នុងតង់ទី២។ ការសម្រេចផ្តល់កាតក្រហមនេះគឺជាឱកាសរបស់ក្រុមភ្ញៀវដើម្បីបន្តស្វែងរកគ្រាប់បាល់ ព្រោះក្រុមហង្សក្រហមមានប្រៀបជាង ដោយក្រុមម្ចាស់ផ្ទះបានបាត់បង់កីឡាករមួយរូបទៅហើយ។

ការប្រកួតបាន២០នាទីនៃតង់ទី១ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah រកបាន១គ្រាប់នាំមុខ ហើយ១គ្រាប់នេះបានបន្តរហូតរហូតដល់ចប់តង់ទី១។ ចូលដល់ការប្រកួតតង់ទី២ ក្រុមហង្សក្រហមនៅតែព្យាយាមសម្រុកទៅលើក្រុមម្ចាស់ផ្ទះដដែល ហើយនៅនាទីទី៥០ កីឡាករ Fabinho រកបាន១គ្រាប់បន្ថែមទៀត មុនពេលអាជ្ញាកណ្តាលផ្តល់កាតក្រហមទៅលើកីឡាកររបស់ក្រុម Leeds United នៅនាទីទី៦០។

ការប្រកួតចូលដល់ម៉ោងបន្ថែមនៃតង់ទី២ ក្រុមហង្សក្រហមមានឱកាសរកបានគ្រាប់បាល់១គ្រាប់ទៀតមុនចប់ការប្រកួតនៅនាទីទី៩០+២ ដោយកីឡាករខ្សែបម្រើ Mane ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Liverpool យកឈ្នះ Leeds United ក្នុងលទ្ធផល៣ទល់០។

លទ្ធផលនេះធ្វើឲ្យក្រុមហង្សក្រហមឡើងទៅឈរចំណាត់ថ្នាក់លេខ៣ មាន១០ស្មើជាមួយជាមួយក្រុម Chelsea និង Manchester United ដែលមាន១០ពិន្ទុដូចគ្នា ក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៤នៃក្របខ័ណ្ឌកំពូលអង់គ្លេស។

ក្រុមហង្សក្រហម Liverpool នឹងត្រូវធ្វើការធ្ងន់ ដោយត្រូវទទួលក្រុមភ្ញៀវ AC Milan ដែលជាក្រុមខ្លាំងមកពីអ៊ីតាលី ក្នុងការប្រកួតវគ្គជម្រុះតាមពូល Champions League ២០២១-២០២២ នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ ៕ (រូបភាព ៖ BBC Sport) ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print