ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោកបានដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយករណីសំណើរបស់ប្រជាពលរដ្ឋចំនួន១៣៥គ្រួសារ រស់នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានលើកគ្នាមកប្តឹងសុំអន្តរាគមន៍ ដល់រដ្ឋបាលខេត្ត ជួយដោះស្រាយករណីឈ្មួញយកគ្រឿងចក្រកាយ និងឈូសឆាយផ្តាច់ផ្លូវសាធារណៈអស់ប្រវែង ៣៣៩ម៉ែត្រ នៅចំណុចផ្លូវកំពង់រទេះ ក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ជាដំណោះជូនប្រជាពលរដ្ឋទាំង១៣៥គ្រួសារ នាពេលនេះ លោកបានបញ្ជាឱ្យរដ្ឋបាលស្រុកកៀនស្វាយ ជូនដំណឹងជាបន្ទាន់ទៅបុគ្គលល្មើសរូបនោះ ដោយទុកពេលឲ្យជួសជុលស្ថាបនាផ្លូវ ដែលបានកាយនោះឡើងវិញក្នុងរយៈពេល១០ថ្ងៃជាកំណត់។
គួរបញ្ជាក់ថា ចំពោះករណីមិនអនុវត្តតាម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕
ដោយ៖សហការី