ភ្នំពេញ, នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញសេចក្តីជូនដំណឹង ស្តីពីការ ស្ថាបនាផ្លូវទំហំទទឹងប្រវែង ៣០ម៉ែត្រ ស្ថិតក្នុងភូមិអូរអណ្តូង និងអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ! រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដី ស្ថិតនៅក្នុងភូមិ អូរអណ្ដូង និងអូរអណ្ដូង១ សង្កាត់ព្រែកប្រា ឲ្យបានជ្រាបថាៈ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចររបស់ ប្រជាពលរដ្ឋជាទូទៅ និងដើម្បីស្ថាបនាផ្លូវស្របតាមប្លង់គោលគ្រប់គ្រងប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌ និងប្លង់ គោលគ្រប់គ្រងប្រើប្រាស់ដីធ្លីថ្នាក់រាជធានីភ្នំពេញឆ្នាំ២០៣៥ រដ្ឋបាលខណ្ឌច្បារអំពៅ នឹងរៀបចំធ្វើការបោះបង្គោល កំណត់អ័ក្សផ្លូវចំនួន០១ខ្សែ ចាប់ពីចុងផ្លូវបេតុងដែលមានស្រាប់ក្នុងភូមិអូរអណ្តូង១ រហូតដល់ប្រឡាយព្រែកប្រា ក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ក្នុងទំហំទទឹងផ្លូវសរុបប្រវែង៣០ម៉ែត្រ។
ដូចនេះដើម្បីឲ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្រុមការងាររដ្ឋបាលខណ្ឌ នឹងចុះវាស់វែងកំណត់អ័ក្សផ្លូវខាងលើនៅថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨:៣០ នាទីនៅទីតាំងជាក់ ស្តែង ។ រដ្ឋបាលខណ្ឌសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដីពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយ ក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ ក្នុងពេលបោះបង្គោលកំណត់អ័ក្សផ្លូវ និងសូមចូលរួមដោយស្ម័គ្រចិត្តជាមួយ អាជ្ញាធរមូលដ្ឋានក្នុងការរុះរើរបង ដែលបានសាងសង់ដោយពុំមានលិខិតអនុញ្ញាតនៅលើដីចំណីផ្លូវសាធារណៈ។
រដ្ឋបាលខណ្ឌច្បារអំពៅ សង្ឃឹមជឿជាក់យ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដីពាក់ព័ន្ធទាំងអស់ នឹងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឲ្យផលប្រយោជន៍សាធារណៈ៕
ដោយ, សិលា