ទឹកទន្លេមេគង្គខេត្តកំពង់ចាមឡើងជិត១ម៉ែត្រកន្លះ និងបានបន្តហូរចូលព្រែកជាច្រើន ក្នុងស្រុកចំនួន៤ក្នុងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម÷ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គខេត្តកំពង់ចាមហាក់ដូចជាអស់សង្ឃឹមចំពោះការទន្ទឹងរង់ចាំទឹកទន្លេមេគង្គដែលមិនរំពឹងថា នឹងបានហូរចូលព្រែកនានាតាមភូមិឋាននោះ។យ៉ាងណាក៏ដោយរយះពេល២៤ម៉ោងចុងក្រោយនេះទន្លេមេគង្គនៅខេត្តកំពង់ចាមបានឡើងកម្ពស់១ម៉ែត្រកន្លះ។ តែក្រសួងធនធានទឹកព្យាករណ៍ថាទន្លេមេគង្គនឹងស្រកវិញនៅថ្ងៃទី១៧ ខែកញ្ញានេះ។

ក្នុងរយះពេល១ថ្ងៃ១យប់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងកម្ពស់ជិត១ម៉ែត្រកន្លះ បើតាមរបាយ ការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះថាស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្ថែមទៀតដល់កម្ពស់១១,៩២ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង ១,៤១ម៉ែត្រ ហើយកម្ពស់ទឹកនាពេល នេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមានកម្ពស់ត្រឹម៦,៤៧ម៉ែត្រ។

ជាមួយគ្នានេះដែរកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នេះ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា ព្រែកចំនួន១៣ក្នុងចំណោមព្រែកទាំង៤១បានទទួលរបបទឹកទន្លេមេគង្គក្នុងនោះរួមមានស្រុកស្ទឹងត្រង់៤ព្រែក,កំពង់សៀម២, កោះសូទិន១ និងស្រុកកងមាស៦។

បើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹកវិញទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង,ក្រចេះ,កំពង់ចាម នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នឹងស្រកចុះវិញ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print