ខេត្តកណ្តាលៈ បុគ្គលិកមីក្រូហិរញ្ញវត្ថុ២នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះចរាចរណ៍ដ៏រន្ធត់បង្កឡើងដោយរថយន្តស៊េរីទំនើបបើកបុកចំពីមុខពេញទំហឹងកាលពីថ្ងៃពុធ ៩កើតខែ ភទ្របទ ឆ្នាំឆ្លូវត្រី ស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០:១៥ នាទី នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២០-២១ ក្នុងភូមិ ស្លាបតាអោន ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាក់ Ford Ranger
ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BC.1129 បើកបរដោយឈ្មោះ វ៉ា សុផាត ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ជនរងគ្រោះទី១ ឈ្មោះ ហ៊ន រ៉ាយុទ្ធ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ត្រពាំងធំ ឃុំ អង្ករស ស្រុកមេសាង ខេត្តព្រៃវែង របួសធ្ងន់
ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1O.1904 សេរីឆ្នាំ២០១៩ ។
ជនរងគ្រោះទី២ ឈ្មោះ ធឿន សីហា ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ សំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល របួសធ្ងន់
ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Y.8811 ស៊េរីឆ្នាំ ២០១៧ ។
តាមសាក្សីឃើញហេតុការបានឱ្យដឹងថា មុនពេលគ្រោះថ្នាក់ រថយន្ត ម៉ាក់ Ford Ranger ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BC.1129 បើកបរពីអ្នកលឿងទៅភ្នំពេញក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុអ្នក
បើកបរបានបើកជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ ។ គ្រានោះស្រាប់តែជនរងគ្រោះទាំង២នាក់ជិះម៉ូតូ២គ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នាពីភ្នំពេញទៅអ្នកលឿងដោយបើកបរប្រកាន់ស្តាំទៅដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តFordបុកចំពីមុខពេញទំហឹងស្របពេលដែលរថយន្តបង្កបើកជែងខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់ចំណែកម៉ូតូជាប់ក្រោមរថយន្ត ។
ក្រោយកើតហេតុម៉ូតូ ០២ គ្រឿង និងរថយន្ត០១គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភ័ស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
តាមការសន្និដ្ឋានបឋម ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នបើករំលោភមកលើចំណែកផ្លូវម៉ូតូ ៕
ដោយ.សណ្តោស