សហគមន៍អឺរ៉ុប(EU)បានប្រកាសថានឹងផ្តល់ជំនួយវ៉ាក់សាំង ២០០លានដូសដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ជាមួយនឹងការផ្តល់ជំនួយបន្ថែមខាងលើ អឺរ៉ុបបានផ្តល់ជូនពិភពលោកបានរហូតដល់ ៤៥០លានដូស។
ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែកញ្ញា បានដកស្រង់សម្តីប្រធានប្រតិបត្តិរបស់សហគមន៍(EU) លោកស្រី Ursula von der Leyen នៅថ្ងៃពុធនេះ បានថ្លែងថា សន្ទុះនៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 គួរតែត្រូវបង្កើនល្បឿននៅទូទាំងពិភពលោក ដើម្បីបញ្ចៀសការឆ្លងរីករាលដាលធ្ងន់ ក្នុងចំណោមអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។
លោកស្រី Von der Leyen បាននិយាយទៅកាន់សមាជិកសភារបស់ EU នៅក្នុងទីក្រុង Strasbourg ប្រទេសបារាំងថា «ចូររួមគ្នាធានាឲ្យបានថា វាមិនក្លាយទៅជាការឆ្លងរាតត្បាតធ្ងន់ធ្ងរ ក្នុងចំណោមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង»។ គិតត្រឹមចុងខែសីហា កន្លងទៅនេះ ៧០ភាគរយនៃមនុស្សពេញវ័យនៅក្នុងសហភាពអឺរ៉ុប ទទួលបានការចាក់វ៉ាក់សាំងពេញលេញពិតមែន ប៉ុន្តែក្នុងចំណោមប្រទេសជាសមាជិកទាំង២៧ ល្បឿននៃការចាក់វ៉ាក់សាំងមានកម្រិតខុសគ្នាខ្លាំង។
ជាមួយគ្នានេះ លោកស្រីប្រធានប្រតិបត្តិ EU ក៏បានប្រកាសពីការបរិច្ចាគវ៉ាក់សាំង COVID-19 ចំនួន២០០លានដូសបន្ថែមទៀត ដើម្បីជួយដល់ក្រុមប្រទេសមានចំណូលទាបផងដែរ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ ពីលើការបរិច្ចាគ២៥០លានដូសសម្រាប់នៅត្រឹមដំណាច់ឆ្នាំនេះ ។
លោកស្រី Ursula Von Der Leyen បានស្នើដល់អឺរ៉ុបចំណាយប្រាក់ ៥៩,១ពាន់លានដុល្លារ ដល់ឆ្នាំ២០២៧ដើម្បីទប់ស្កាត់ការប្រឈមមុខលើបញ្ហាសុខភាពរបស់ពលរដ្ឋនាពេលអនាគត។ លោកស្រីបញ្ជាក់ថា «ខ្ញុំចង់ធានាថានឹងមិនមានវីរុសណាមួយផ្សេងទៀតឆ្លងរាលដាលជាសកលនាពេលអនាគតហើយនេះជាពេលវេលាដែលយើងត្រូវវិនិយោគ»៕ដោយ៖ធី រីណា
លោកស្រីវ៉នដឺឡឺយ៉េនបានស្នើសហភាពអឺរ៉ុបវិនិយោគជាង ៥៩,១ ពាន់លានដុល្លារអាមេរិកក្នុងការការពារហានិភ័យសុខភាពពិភពលោកនាពេលអនាគត។ រូបថត៖ AFP