ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តចាត់ឲ្យក្រុមការងារ ដែលមានលោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ការពារសួត ឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៥នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនក្នុង ក្នុងព្រែកកំពឹស ភូមិព្រែកថ្លឹង និងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឱ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឱ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ៕ ដោយ៖សហការី